(ភ្នំពេញ)៖ សម្តេចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្វាយសារលិខិតរំលែកទុក្ខ ចំពោះការយាងចូលព្រះទិវង្គត របស់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។ នេះបើតាមសារលិខិត ដែលសម្តេច គង់ សំអុល ថ្វាយជម្រាបជូនអ្នកម្នាង យិន នរោត្តម យុវនាថ ភរិយាព្រះសព សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

សម្តេចៅហ្វាវាំង បានសរសេរក្នុងសាលិខិតយ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពី សម្តេចព្រះបរមរាមា
នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ត្រូវជាព្រះស្វាមីរបស់អ្នកម្នាង បានយាងចូលព្រះទិវង្គតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក។ ខ្ញុំសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកមរណទុក្ខ
ជាមួយអ្នកម្នាង និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃព្រះសព»

សម្តេច គង់ សំអុល បានចាត់ទុកថា ការយាងចូលព្រះទិវង្គត នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាការបាត់បង់ព្រះស្វាមី ព្រះបិតា និងព្រះអយ្យកោ ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប ជាទីគោរពស្រឡាញ់នៃបុត្រា បុត្រី ព្រះនត្តា ព្រមទាំងញាតិវង្ស និងញាតិមិត្តទាំងពួង។ សម្តេចសូមសម្តែងនូវការគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ និងសូមព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ យាងទៅកាន់សុគតិភព កុំបីខានឡើយ៕