(ស្វាយរៀង)៖ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានអំពាវនាវម្ចាស់ទីតាំងកែច្នៃយានយន្តគ្រប់ប្រភេទក្នុងខេត្តស្វាយរៀង ត្រូវអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការលុប បំបាត់ការបង្កសំឡេងរំខានលើកម្រិតដោយយានយន្តគ្រប់ប្រភេទឲ្យបញ្ឈប់ រាល់ការកែច្នៃយានយន្តខុសបច្ចេកទេស ក្នុងករណីបន្តលួចកែច្នៃ និងត្រូវចាត់វិធានការរដ្ឋបាលនិងវិធានការតាមច្បាប់។

ការអំពាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមានសេចក្ដីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខានលើកម្រិត ដោយយានយន្តគ្រប់ប្រភេទដោយចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

លោកបន្តថា បន្ទាប់ពីទទួលសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ មន្ត្រីរបស់លោកនឹងសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ ធ្វើការចុះត្រួតពិនិត្យ និងលុបបំបាត់ ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ ស៊ីម៉ាំង ហើយនិងត្រូវណែនាំអ្នកបញ្ជាយានយន្ត បង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ដោយត្រូវធ្វើការអប់រំជាបឋមឲ្យបញ្ឈប់សកម្មភាពព្រមទាំងធ្វើកិច្ចសន្យាយករថយន្តទៅបំពាក់បំពុងស៊ីម៉ាំង តាមលក្ខណៈបច្ចេកទេស ឲ្យបានត្រឹមត្រូវហើយនិង ត្រូវណែនាំពីសីលធម៌សុជីវធម៌ក្នុងការបញ្ជាយានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសំឡេងខ្លាំង ដើម្បីចៀសវាង ធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គមផងដែរ៕