(ភ្នំពេញ)៖ គណៈកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា (គទក) នៃក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំសិក្ខាសាលាអំពីការអនុវត្តន៍ ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាពអប់រំឧត្តមសិក្សា របស់បណ្ដាប្រទេសសមាជិក CLMV (Cambodia, Lao PDR, Myanmar, Vietnam ) ថ្ងៃទី១៤-១៥ ខែមករា ២០២១ នៅខេត្តសៀមរាប។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងដល់គ្រឹះស្ថានឧត្តមសិក្សា អំពីស្ថានភាពនៃការអនុវត្តន៍ក្របខ័ណ្ឌគុណវុឌ្ឍិជាតិ និងការធានាគុណភាពអប់រំឧត្តមសិក្សាលើកម្មវិធីអប់រំជំនាញហិរញ្ញវត្ថុ វិស្វកម្មស៊ីវិល និងកសិកម្ម (ផ្នែកចំណីអាហារ) នៅតាមប្រទេស CLMV សម្រាប់ការកែលម្អកម្មវិធីសិក្សាទាំងបីជំនាញ និងប្រព័ន្ធធានាគុណភាពផ្ទៃក្នុង(IQA)របស់គ្រឹះស្ថានឧត្តមសិក្សា។

សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក LUI ZHIJIE ជាអគ្គកុងស៊ុលប្រចាំខេត្តសៀមរាប តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គទក ព្រមទាំងតំណាងគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមការជួយឧបត្ថម្ភគាំទ្រដោយមូលនិធិពិសេស មេគង្គ-ឡានឆាង របស់សាធារណរដ្ឋប្រជាមានិតចិន។

លោក សុខ សូកេន បានផ្តល់មតិស្វាគមន៍ ហើយបញ្ជាក់អំពីសារៈសំខាន់នៃមូលនិធិពិសេស មេគង្គ-ឡានឆាង សម្រាប់ការអភិវឌ្ឍន៍ប្រទេសសមាជិក CLMV ពិសេសប្រទេសកម្ពុជា ដែលទទួលបានគម្រោងយ៉ាងច្រើនដែលក្នុងនោះគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជាផ្នែកមួយនៃគម្រោង។
ឆ្លើយតបទៅនឹងមតិស្វាគមន៍ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ បណ្ឌិត ទូច វិសាលសុខ បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់ នៃគម្រោងស្រាវជ្រាវ និងការប្រើប្រាស់លទ្ធផលនៃការស្រាវជ្រាវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង ការអនុវត្តន៍ក្របខ័ណ្ឌគុណវឌ្ឍិជាតិ និងកែលម្អប្រព័ន្ធធានាគុណភាពអប់រំ ឧត្តមសិក្សារបស់ប្រទេសនីមួយៗ។

បណ្ឌិតក៏បានថ្លែងអំណរគុណជាអនេក ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភមូលនិធិសម្រាប់គម្រោងស្រាវជ្រាវ ដ៏មានសារៈសំខាន់នេះ និង គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាសេនាធិការ៕