(ឧត្តរមានជ័យ)៖ លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ នៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះពិនិត្យ និងពង្រឹងការងារបន្ថែមពី វិធីសាស្ដ្រព្យាបាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក នៅមន្ទីរពេទ្យខេត្ដឧត្តរមានជ័យ។

លោកបានថ្លែងបន្ដថា ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបញ្ជាផ្ទាល់របស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក បានដឹកនាំក្រុមគ្រូពេទ្យជំនាញ នៃមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះធ្វើការពង្រឹង និងណែនាំបន្ថែមដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ អំពីវិធីសាស្ត្រព្យាបាល និងការពារការចំលងជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលជាពលករទើបត្រលប់មកពីប្រទេសថៃ។

សូមជម្រាបថា ក្នុងឱកាសនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏កំពុងតែដឹកនាំមន្ដ្រីក្រុមការងារបច្ចេកទេស ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យ ការសាងសង់មន្ទីរពិសោធន៍ ក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង បន្ទាប់ពីចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ពីពង្រឹងយកចិត្តទុកដាក់ខ្ពស់ បង្ការការចំលងកូវីដ១៩ផងដែរ៕