(ភ្នំពេញ)៖ លោកសាស្រា្តចារ្យរដ្ឋមន្រ្តី ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងក្រុមការងារបច្ចេកទេស ក្រសួងសុខាភិបាល រួមដំណើរដោយលោកប្រធានមន្ទីរ សុខាភិបាលខេត្ត បានចុះត្រួតពិនិត្យ ការសាងសង់មន្ទីរពិសោធន៍ ក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

លោកសាស្រ្តាចារ្យ បានឲ្យដឹងថា ខេត្តបាត់ដំបងដើរតួរនាទីសំខាន់ ក្នុងការជួយគាំទ្រ ដល់ខេត្តផ្សេងៗដែលនៅជុំវិញ ហេតុនេះបានជារៀបចំទីស្នាក់ការថ្នាក់តំបន់ ក្នុងមន្ទីរសុខាភិបាល សំរាប់ជាទីតាំងសំរាប់ពិភាក្សា ចែករំលែកបទពិសោធន៍ ក្នុងការព្យាបាល ថែទាំជំងឺកូវីដ១៩ និងការគ្រប់គ្រងសុខភាពអ្នកធ្វើចត្តាឡីស័ និងអ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យ ខេត្តបាត់ដំបង បន្ទាយមានជ័យសៀមរាប, ឧត្តរមានជ័យ, ប៉ៃលិន ដោយមានការសំរបសំរួលពី ក្រុមមន្ត្រីបច្ចេកទេសពី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាព កម្ពុជាសូវៀត។

លោករដ្ឋមន្រ្ដី បានវាយតំលៃខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល និងមន្ទីរពេទ្យ និងមន្រ្តីបុគ្គលិកទាំងអស់ដែលខិតខំប្រឹងប្រែងរៀបចំមន្ទីរពិសោធន៍ ដើម្បីអាចមានលទ្ធភាពធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខ។

ពិសេសបានចុះពិនិត្យ ការសាងសង់មន្ទីរពិសោធន៍ថ្មី របស់មន្ទីរពេទ្យខេត្ត ដែលគ្រោងនឹងសាងសង់រួច និងដំណើរការនៅចុងខែវិច្ឆិការឆ្នាំ២០២១ខាងមុខនេះ។

លោករដ្ឋមន្រ្ដីបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ ជាពិសេសបុគ្គលិក មន្រ្តីសុខាភិបាល និង មន្រ្តីពាក់ពន្ធ័ទាំងអស់មេត្តា បន្តសហការគ្នាល្អយកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលងមេរោគកូវីដ១៩ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល៕