(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានផ្ញើសារជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំរបស់សម្តេច ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

សម្តេច សាយ ឈុំ បានជូនពរសម្តេចក្រឡហោម ស ខេង មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ នេះបើតាមលិខិតជូនពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរក្នុងលិខិតជូនពរនោះថា «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចក្រឡាហោម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា ក្នុងរយៈពេលកន្លងមក សម្តេចក្រឡាហោម បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដឹកនាំក្រសួងមហាផ្ទៃ ឱ្យសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសង្គម ការបង្ក្រាបគ្រឿងញៀន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ «សន្តិភាព» របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងមានទំនុកចិត្តជាខ្លាំង ហើយធ្វើឱ្យប្រទេសជាតិមានស្ថិរភាព និងភាពសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់។

«ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ និងសុខុមាលភាពល្អបរិបូរណ៍ ដើម្បីបន្តរួមចំណែកដឹកនាំកម្ពុជា និងប្រជាពលរដ្ឋយើងឆ្ពោះទៅកាន់វឌ្ឍនភាព ថ្កុំថ្កើងរុងរឿងតរៀងទៅ»។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៕