(ភ្នំពេញ)៖ បន្ទាប់ពីសវនាការសួរដេញដោលបានបញ្ចប់ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលជំនុំជម្រះលើសំណុំរឿង លោក រ៉ុង ឈុន ករណី «ញុះញង់បង្កឲ្យមានភាពវិកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ទៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងសវនាការនាព្រឹកមិញនេះមានលោក សេង ហៀង ជាតំណាងអយ្យការ និងលោក លិ សុខា ជាចៅក្រមជំនុំជម្រះ។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឲ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។

ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួន លោក រ៉ុង ឈុន ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕