(មណ្ឌលគិរី)៖ លោក សេង ទៀក នាយកអង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) បានលើកឡើងថា កម្ពុជាជាប្រទេសទី១០ ដែលមានផ្ទៃដីអភិរក្សធនធានធម្មជាតិធំជាងគេ នៅលើពិភពលោក។

ការបញ្ជាក់ដូច្នេះបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ច របស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៣០នាក់ ទៅកាន់តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការ WWF នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

បើតាមលោកនាយកអង្គការ WWF បានឱ្យដឹងថា រយៈពេល២ទស្សវត្សរ៍មកហើយ ដែល WWF បាននឹងកំពុងធ្វើសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងបណ្តាដៃគូដទៃផ្សេងៗទៀត ដើម្បីគ្រប់គ្រង និងថែរក្សាធនធានជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក លើផ្ទៃដីសរុបប្រមាណ៦០០០គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។

ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាតំបន់ការពារធម្មជាតិចំនួនពីរ ដែលស្ថិតនៅក្នុងចំណោមតំបន់ការពារផ្សេងទៀត នៃតំបន់ព្រៃទេសភាពខ្ពស់រាបភាគខាងកើត ដោយគ្របដណ្តប់លើផ្ទៃដីសរុបចំនួន២៧,៤៦០គីឡូម៉ែត្រការ៉េ ក្នុងខេត្តរតនគិរី មណ្ឌលគិរី និងក្រចេះ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ប្រទេសកម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧លាន ៣សែនហិកតា និងមានទីតាំងចំនួន៦៨កន្លែង ហើយនៅមាន ៦៣កន្លែង ជាតំបន់ការពារធម្មជាតិ សំដោទៅលើដែនជម្រកសត្វព្រៃ ឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ប្រើប្រាស់ដោយចីរភាព ព្រមទាំងរបៀងអភិរក្សជីវៈចម្រុះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានគូសបញ្ជាក់ថា សម្រាប់ផ្ទៃដី ៧លាន ៣សែនហិកតា ដែលប្រទេសកម្ពុជាមាន គឺស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។ បន្ថែមពីនេះ បើនិយាយពីគម្របព្រៃឈើកម្ពុជា នៅសល់៤៦,៨៦ភាគរយ គឺប្រមាណជាង ៨លានហិកតា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ទស្សនកិច្ចនេះ ធ្វើឡើងស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយនិង សារព័ត៌មាននៅកម្ពុជា ក្នុងការបន្ត និងបង្កើនការផ្សព្វផ្សាយរបស់ខ្លួនស្តីពីប្រធានបទបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីផ្តល់នូវព័ត៌មាន និងចំណេះដឹងឱ្យបានដល់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ នៅក្នុងសង្គមកម្ពុជា និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើសត្វព្រៃដែលកម្ពុជា មានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

លោកបានបន្តថា អង្គការ WWF និងក្រសួងបរិស្ថានត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងបុព្វហេតុគ្រប់គ្រង ស្តារ និងការពារឱ្យបាននូវ ធនធាន ធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទ ដែលមានតម្លៃសម្រាប់ការអភិរក្សជាសកល ក៏ដូចជាក្នុងការបន្តការអភិវឌ្ឍជីវភាពរស់នៅ របស់ប្រជាជនសហគមន៍មូលដ្ឋាន នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនេះ។

ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ជាទីជម្រករបស់សត្វដែលកំពុងទទួលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទ រាប់បញ្ចូលទាំងប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ រួមមានដូចជា សត្វទន្សោង (Bos javanicus) សត្វដំរីអាស៊ី (Elephas maximus) សត្វក្រពើភ្នំ (Crocodylus siamensis) ដែលមានចំនួនសេសសល់ចុងក្រោយ នៅក្នុងប្រទេស សត្វខ្លារខិន (Panthera pardus delacouri) ដែលជាចំនួននៅសេសសល់ចុងក្រោយ សម្រាប់តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាបដូចជាសត្វត្រយ៉ង សត្វត្មាត និងសត្វក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ៗផ្សេងទៀត រាប់បញ្ចូលទាំងសត្វរមាំង សត្វខ្ទីង សត្វឈ្លូស សត្វប្រើស និងពពួកពានរផងដែរ។ មិនតែប៉ុណ្ណោះ ដែនជម្រកសត្វព្រៃទាំងពីរនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ នូវប្រភពធនធានកសិកម្ម និងអនុផលព្រៃឈើ ដល់ប្រជាជនសហគមន៍មូលដ្ឋានចំនួនប្រមាណជាង ៣០,០០០នាក់ ដែលកំពុងរស់នៅជុំវិញ និងក្បែរតំបន់អភិរក្សទាំងពីរនេះ៕