(ស្ទឹងត្រែង)៖ កម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

ប្រតិបត្ដិការនេះធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាជនជាតិឡាវ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង២០៖១០នាទីនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ «ក៩» នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយរងមន្ទីរ និងនាយការិយាល័យ «ក៩» ដុសវណ្ណា សុវឌ្ឍនៈ ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញា ជេត ខេមរា បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុចស្ពានទី២ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរ
ស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ជាលទ្ធផលកម្លាំង បានឃាត់បានជនសង្ស័យ០២នាក់៖

*ទី១៖ ឈ្មោះ អកា ថ អាយុ២៩ឆ្នាំ ជនជាតិឡាវ
*ទី២៖ ឈ្មោះ ទុន កែវ អាយុ ២៨ឆ្នាំ ជនជាតិឡាវ

បច្ចុប្បន្នជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕