(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវនាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅក្នុងប្រទេសថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេសថៃ។ នេះបើតាមសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានោះ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏បានបញ្ជាកដែរថា ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃនោះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក ក៏ដូចជាពលករបរទេសដែលកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពលករបរទេសដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានបំណងចង់វិលត្រលប់ទៅស្រុកកំណើតវិញនោះ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ហើយក៏អាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ថែមទៀតដែរ។

ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អំពាវនាវយ៉ាងទទូចដល់ពលករកម្ពុជាទាំងឡាយដែលកំពុងស្នាក់នៅប្រទេសថៃស្រាប់ សូមរក្សាភាពនឹងនរ និងបន្តស្នាក់នៅមួយកន្លែងសិន ដោយកុំទាន់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឱ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

សូមជម្រាបថា ក្នុងចំណោមពលករកម្ពុជាដែលចេញពីប្រទេសថៃត្រលប់មកកម្ពុជាវិញ ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ តួយ៉ាងនៅថ្ងៃទី១៥ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញថាមានអ្នកឆ្លងថ្មីចំនួន ១៥នាក់ ប៉ុន្តែក៏មានអ្នកជាសះស្បើយជាបន្តបន្ទាប់ផងដែរ។

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា៖