(ព្យុងយ៉ាង)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីប្រយុទ្ធប្រឆាំង​នឹងការរីករាលដាល នៃវីរ៉ុស Zika។

វិធានការនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាល ក្នុងនោះរួមទាំងការបញ្ជាក់ជាសាធារណៈ ស្តីអំពីមេរោគ និងការត្រួតពិនិត្យយ៉ាងតឹងរឹង នៅស្ថានីយដាក់ដាច់ដោយឡែកពីគេ នៅតំបន់ព្រំដែន សម្រាប់​ក្រុមអ្នក​ដំណើរ និងទំនិញ ដែលមកពីតំបន់រងផលប៉ះពាល់។ បុគ្គលិកសុខាភិបាល បាននឹងកំពុងផ្តល់ព័ត៌មានពីមូលហេតុ, គ្រោះថ្នាក់ និងវិធានការការពារ នៃវីរ៉ុសនេះ ទៅកាន់ពលរដ្ឋក្នុង​តំបន់ ជាពិសេសស្ត្រីដែលមានផ្ទៃពោះ។ ​

Zika គឺជាវីរ៉ុសមួយ ដែលចម្លងដោយសត្វមូស ប្រភេទ Aedes វាត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ១៩៤៧ នៅក្នុងតំបន់ព្រៃ Zika នៃប្រទេសអ៊ូហ្គង់ដា។ វីរ៉ុសនេះ ត្រូវបានគេសង្ស័យថា ជាមូលហេតុបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ កើតទារកមកមានក្បាលតូចខុសពីធម្មតា។ ការរីករាលដាល នៃវីរ៉ុសនេះ ត្រូវបានគេរាយការណ៍ថា បានប៉ះពាល់ជាង ៣០ប្រទេស ហើយអង្គការសុខភាព​ពិភពលោក បានឲ្យដឹងកាលពីថ្ងៃទី១២កុម្ភៈថា ថ្នាំវ៉ាក់សុំាងវីរ៉ុស Zika គឺត្រូវការពេល១៨ខែ ដើម្បីធ្វើការសាកល្បងទ្រង់ទ្រាយធំ។

សូមជម្រាបថា រហូតមកដល់ពេលនេះ មិនទាន់មានករណីវីរ៉ុស Zika ណាមួយត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងប្រទេសកូរ៉េ​ខាងជើងនៅឡើយទេ៕