(ភ្នំពេញ)៖ ព្រះរាជទ្រព្យ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ១៧,០០០អ៊ឺរ៉ូ ស្មើនិងប្រមាណ ១៨,៩២៥ដុល្លារ ត្រូវបានរាជទានជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជា។

បុគ្គលិកជាន់ខ្ពស់នៃមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ Fresh News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ព្រះរាជទ្រព្យនេះ ត្រូវបានព្រះរាជទានផ្ទាល់ ព្រះហស្ថសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ក្នុងព្រះ បរមរាជវាំង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ ជាថ្ងៃដែលគម្រប់ ៣ឆ្នាំ នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះបរមរត នកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកដំណើរការ ដំបូងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩២ មានលោកវេជ្ជបណ្ឌិត បេអាត រីចឆ្ន័រ ជាប្រធាន និងជាស្ថាបនិក។ មន្ទីរពេទ្យមួយនេះ ទទួលបានការទ្រទ្រង់ធំបំផុតពីមូលនិធិរបស់សប្បុរសជន នៅក្នុងប្រទេសស្វីស។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកកម្ពុជា បម្រើការប្រមាណ២៥០០នាក់។

លោកវេជ្ជបណ្ឌិត បេអាត រីចឆ្ន័រ បានឲ្យដឹងថា ក្នុងរយៈពេល២៤ឆ្នាំមកនេះ មន្ទីរគន្ធបុប្ផា បានពិនិត្យព្យាបាល និងពិគ្រោះជំងឺ បានជិត១៥លាននាក់។ ជួយសង្រ្គោះកុមារមានជំងឺ និងរបួសធ្ងន់រហូតជាសះស្បើយ ជាង ១,៥លាននាក់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា កុមារ៨០ភាគរយ បើពុំមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ពួកគេគ្មានសំណាងល្អនោះឡើយ។

ក្រៅពីជួយកុមារមន្ទីរពេទ្យមួយនេះ បានសម្រាលកូនជូនស្រ្តីកម្ពុជា ជិត២០ម៉ឺននាក់ ចាប់ពីឆ្នាំ២០០២មក។

លោកវេជ្ជបណ្ឌិត បេអាត រីចឆ្ន័រ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ លោកបានចំណាយថវិកាប្រមាណ ៥៦៣លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ និងជួយកុមារ និងស្ត្រីកម្ពុជា៕