(បាត់ដំបង)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងសុខាភិបាល ចុះរៀបចំដំណើរការទីស្នាក់ការប្រចាំការថ្នាក់តំបន់ក្នុងទីរួមខេត្តបាត់ដំបង។

ទីស្នាក់ការនេះ ជាទីតាំងសម្រាប់ពិភាក្សាចែករំលែកបទពិសោធន៍ ក្នុងការព្យាបាល ថែទាំអ្នកជំងឺកូវីដ១៩ និងការគ្រប់គ្រងសុខភាពអ្នកធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ដោយមានការសម្របសម្រួលពីក្រុមមន្ត្រីបច្ចេកទេសពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។

ទីស្នាក់ការថ្នាក់តំបន់នេះ នឹងមានរៀបចំកិច្ចប្រជុំទៀងទាត់តាមរយៈប្រព័ន្ធ Zoom ដើម្បីលោកគ្រូអ្នកគ្រូពេទ្យ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបបន្ទាន់បើសិនជាមាន អ្នកជំងឺដែលមានហានិភ័យខ្ពស់ ជាយថាហេតុ ។

ទីស្នាក់ការនេះ ដឹកនាំដោយ រដ្ឋលេខាធិការក្រសួងសុខាភិបាលមួយរូប និង ក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យ មិត្តភាព-កម្ពុជាសូវៀត ប្តូរវេនប្រចាំការជាប្រចាំ និងចុះអន្តារគមន៍ក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ទើបនឹងផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ៕