(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្តម្ភថវិកាចំនួន ២៥,០០០ ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុលោតឆត្រយោង នៅថ្ងៃទី១៤ ខែមករា ម្សិលមិញ។

យោងតាមលិខិតរបស់បញ្ជាការដ្ឋានទ័ពពិសេស ថវិកាចំនួន ១៥,០០០ ដុល្លារ នឹងត្រូវប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី (ស្លាប់) និង ១០,០០០ ដុល្លារទៀត នឹងត្រូវប្រគល់ជូនលោកវរសេនីយ៍ត្រី ឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុនេះ។

សូមជម្រាបថា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ម្សិលមិញ មានការសម្តែងលោតឆត្រយោងនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន (ឱរ៉ាល់) ហើយក្នុងពេលនោះ មាននាយទាហានម្នាក់ គឺលោកវរសេនីយ៍ត្រី លឹម សាយ ត្រូវខ្យល់គួចបណ្តាលឱ្យខ្សែឆត្រវ័ណ្តជាប់គ្នាជាមួយនឹងទាហានឆត្រយោមួយទៀត គឺលោកវរសេនីយ៍ត្រី ឈុន គឹមលី ហើយបានធ្លាក់ចុះមកក្រោម។

ជាការសោកស្ដាយ ក្រោយជួបឧបទ្ទវហេតុនេះហើយ លោកវរសេនីយ៍ត្រី លឹម សាយ ក៏បានស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនៅវេលាថ្ងៃត្រង់ រីឯលោកវរសេនីយ៍ត្រី ឈុន គឹមលី បានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕