(ភ្នំពេញ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍន៍ភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ» បានបង្ហាញពីការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារខ្ពស់ៗ នៅក្នុងក្រុងព្រះសីហនុ ក្រោមម្លប់សន្ដិភាពនាពេលបច្ចុប្បន្ន។

លោក អ៉ី សុខឡេង បានឲ្យដឹងថា ក្រុងព្រះសីហនុ មានប្រជាពលរដ្ឋរស់នៅអចិន្ដ្រៃយ៍ សរុបចំនួន២៤,០៦៣គ្រួសារ (ក្នុងនោះ គ្រួសារអចិន្ដ្រៃយ៍ ១៧,៨៨៦គ្រួសារ, គ្រួសារបណ្ដោះអាសន្ន ៦,១៧៧គ្រួសារ) ប្រជាពលរដ្ឋសរុបចំនួន ៨៣,៦១០នាក់។

ក្នុងឆ្នាំ២០២០ ជនបរទេសដែលមកស្នាក់នៅរយៈពេលយូរ នៅក្រុងព្រះសីហនុ មានចំនួន៥៤សញ្ជាតិ សរុបចំនួន១៦,៨៧៤នាក់ ស្រី៣,៤៤២នាក់ ប្រៀបធៀបឆ្នាំ២០១៩ ថយចុះចំនួន១៩,១០៥នាក់ ស្មើនឹង៥៣ភាគរយ ក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេ គឺ១២,០៨២នាក់ ស្រី២,៣២២នាក់។

លោក អ៉ី សុខឡេង បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៥ មកដល់ខែធ្នូ ឆ្នាំ២០២០ សំណង់អគារខ្ពស់ក្នុងខេត្តព្រះសីហនុ ចាប់ពី៥ជាន់ ទៅ៥៣ជាន់ សរុបមានចំនួន៥៧៣អគារ។ លោកអះអាងថា សំណង់អគារខ្ពស់កើនឡើងនៅក្នុងក្រុងព្រះសីហនុ កើតឡើងដោយសារកត្តាសុខ សន្ដិភាព។

អភិបាលក្រុងព្រះសីហនុ បានបន្ថែមថា ការដ្ឋានសំណង់ក្នុងភូមិសាស្ដ្រក្រុង ក្នុងឆ្នាំ២០២០ សរុបចំនួន៩៩៨ការដ្ឋាន ក្នុងនោះការដ្ឋានផ្អាកសកម្មភាពសាងសង់ ចំនួន៣៦៧, ការដ្ឋានកំពុងដំណើរការសាងសង់ ចំនួន៤២២ និងបានសាងសង់រួច ចំនួន២០៩។

លោកបន្ដទៀតថា សម្រាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលក្រុងព្រះសីហនុ នៅក្នុងឆ្នាំ២០២០ មានគម្រោងអភិវឌ្ឍន៍ ចំនួន៣គម្រោង ដែលមានទឹកប្រាក់ ចំនួន២៦១,០០០,០០០រៀល គិតជាដុល្លារចំនួន ៦៥,២៥០ដុល្លារ។ ខណៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលសង្កាត់ទាំង៤ ប្រចាំឆ្នាំ២០២០ មានផ្លូវចំនួន៧ខ្សែ ប្រវែងសរុប២,២៤៨ម៉ែត្រ ប្រើប្រាស់ថវិកា ១,៣៦២,៩៥៨,៩៣៣រៀល។

ដោយឡែក ពាក់ព័ន្ធវិស័យទេសចរណ៍វិញ លោកបានបញ្ជាក់ថា ភ្ញៀវទេសចរឆ្នាំ២០២០ សរុបចំនួន១,០១៨,៩២៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន៧៩៣,៦០៧នាក់ និងភ្ញៀវទេសចរអន្ដរជាតិ ចំនួន២២៥,៣១៦នាក់៕