(ភ្នំពេញ)៖ តបតាមការយាងរបស់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ច និងកាត់ខ្សែបូសម្ពោធ «សួនមិត្តភាពកម្ពុជា-ចិន» នៅក្នុងស្ថានទូតចិនប្រចាំនៅកម្ពុជា។

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងនៃកម្ពុជា, លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីទូតជាច្រើនរូបទៀតមានព្រះវត្តមាន និងវត្តមានក្នុងពិធីសម្ពោធខាងលើ។

មុនពេលចាប់ផ្តើមនៃពិធីខាងលើ សម្តេចព្រះមហាក្សត្រី ទ្រង់បានសព្វព្រះរាជហឫទ័យរាជានុញ្ញាត លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់។

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលថា ទ្រង់មានក្តីសោមនស្សរីករាយជាពន់ពេកដែលបានតបតាមសេចក្តីថ្វាយបង្គំរបស់ឯកអគ្គរដ្ឋទូតចិន ដើម្បីជាអធិបតីក្នុងពិធីសម្ពោធខាងលើនេះ។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងព្រះអង្គផ្ទាល់ជាមិត្តចាស់ មិត្តល្អ នៃប្រជាជនចិន។ ព្រះអង្គមានក្តីរំភើបជាពន់ពេកដែលលោកប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយសមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ជូនទ្រង់។

សម្តេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលទៀតថា មហាកិត្តិយសនេះ មិនត្រឹមតែជារបស់ព្រះអង្គនោះទេ តែក៏ជាមហាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ថ្ងៃនេះព្រះអង្គក៏មានក្តីរំភើបជាខ្លាំងក្រោយពីបានទតឃើញដើមស្វាយដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះបរមរតនកោដ្ឋ និងព្រះអង្គផ្ទាល់ជូនចំពោះស្ថានទូតចិនមានការដុះលូតលាស់ល្អបែកមែកសាខាលាស់ស្លឹកខៀវខ្ចី និងសម្បូរទៅដោយផ្លែផ្កាជាច្រើនអនេក។

ព្រះមហាក្សត្រី បានថ្លែងអំណរគុណដល់មន្រ្តីស្ថានទូតគ្រប់ជំនាន់ដែលបានចូលរួមមើលថែរក្សាដើមស្វាយទាំងពីរនេះដោយយកចិត្តទុកដាក់បំផុត ហើយទ្រង់នឹងបន្តលើកកម្ពស់មិត្តភាពចិន និងកម្ពុជាកាន់តែជ្រាលជ្រៅថែមមួយកម្រិតទៀត។

ឯកអគ្គរដ្ឋទូតចិន តំណាងឲ្យមន្រ្តីគ្រប់រូបក្នុងស្ថានទូតថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចព្រះមហាក្សត្រី បានឆ្លៀតពេលវេលាដ៏មមាញឹកដើម្បីយាងជាអធិបតីក្នុងពិធីសម្ពោធខាងលើដែលបានរៀបចំឡើងក្នុងស្ថានទូតចិន។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្វាយព្រះពរជាថ្មីម្តងទៀតក្នុងឱកាសព្រះអង្គទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលថ្មីៗនេះ។ លោក វ៉ាង វិនធាន បានបន្តទៀតថា កាលពីឆ្នាំ១៩៦៧ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី បានសព្វព្រះហឫទ័យប្រោសព្រះរាជទានកូនដើមស្វាយចំនួន២ដើម។ ឆ្លងកាត់រយៈពេលជាង ៥០ឆ្នាំកន្លងមកនេះ ដើមស្វាយទាំងពីរដើមបានរីកធំធាត់បែកមែកលាស់ស្លឹកល្អ ប្រៀបដូចមិត្តភាពចិននិងកម្ពុជា ឆ្លងកាត់ការសាកល្បងនៃភាពប្រែប្រួលរបស់ពេលវេលានិងស្ថាភាពអន្តរជាតិកន្លងមកនេះ តែមិត្តភាពមួយនេះនៅតែអភិវឌ្ឍន៍រឹតតែរឹងមាំខ្លាំងក្លា។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា «អ្នកជំនាន់មុនដាំដើមឈើ អ្នកជំនាន់ក្រោយទទួលបានម្លប់» នេះក៏ដូចជាមួយនឹងមិត្តភាពចិន និងកម្ពុជា ដែលស្ថិតក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីសម្តេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ទើបប្រទេសទាំងពីរអាចក្លាយជា «មិត្តដែកថែប» និងសហគមន៍ជោគវាសនារួមដូចសព្វថ្ងៃនេះ។

លោក វ៉ាង វិនធាន បានលើកឡើងថា ចិនមានសុភាសិតមួយតែងពោលថា «ផឹកទឹកមិនបំភ្លេចអ្នកជីកអណ្ដូង» ដើម្បីជាសេចក្ដីនឹករឭក និងជាអនុស្សាវរីយ៍ដ៏ប្រពៃសម្រាប់ព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តមក្នុងការបីបាច់ថែរក្សាមិត្តភាពនៃប្រទេសទាំងពីរនេះ ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយក្នុងការស្វែងយល់បន្ថែម និងបន្តអភិវឌ្ឍន៍មិត្តភាពមួយនេះឲ្យកាន់តែល្អប្រសើរ ស្ថានទូតចិនបានប្រសិទ្ធនាមដល់សួនច្បារដែលមានដើមស្វាយទាំងពីរដើមនេះថា «សួនមិត្តភាពកម្ពុជា-ចិន»

នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រី, លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ស្ថានទូតចិន នឹងបន្តថែរក្សាដើមស្វាយទាំងពីរនេះដោយយកចិត្តទុកដាក់បំផុត និងខិតខំបីបាច់បណ្ដុះពន្លកថ្មីៗជាច្រើនទៀត ដើម្បីឱ្យដើមស្វាយដែលជានិមិត្តរូបនៃមិត្តភាពចិននិងកម្ពុជា រីកលូតលាស់បន្តពីមួយជំនាន់ទៅមួយជំនាន់៕