(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ ចំពោះសំណុំរឿងរបស់ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ៦៦នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណី «រួមគំនិតក្បត់ និង ញុះញុង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងផែនការ៩វិច្ឆិកានោះ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់កាត់សេចក្តីនៅឡើយទេ ដោយសម្រេចបន្តសវនាការជាថ្មីទៀត នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់របស់សាលាដំបូងរាជធានីភ្នំពេញ។

ក្នុងអង្គសវនាការនានេះ មានលោក សេង ហៀង ជាតំណាងអយ្យការ និង ក្រុមប្រឹក្សារជំនុំជម្រះមាន លោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ និងលោក កើត សាំង ជាចៅក្រមប្រឹក្សា។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់រួចហើយពីបទ «ឧបឃាត» ផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការ នៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម កាលពីឆ្នាំ២០១៩ បានអំពាវឱ្យកងទ័ពបំបែកខ្លួនប្រឆាំងរដ្ឋាភិបាល គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ៕