(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសរំលេចថា ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជា ដែលបានរួមចំណែកពី ៣% ទៅ ៤%នៃផលិតជាតិសរុប។ ដំឡូងមី ក៏ជាដំណាំកសិកម្មចំណាត់ថ្នាក់ទី២បន្ទាប់ពីស្រូវ ហើយក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ដូច្នេះ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការនៃគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ នៅក្រសួងពាណិជ្ជកម្ម។ ពិធីនេះ ក៏មានការចូលរួមពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមលោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយប្រកបដោយភាពជឿទុកចិត្ត សម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក។

គោលនយោបាយនេះ ក៏មានគោលដៅសំខាន់ចំនួន៣ គឺទី១៖ ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម, ទី២៖ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣៖ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

«គោលនយោបាយជាតិនេះ បានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយបានធ្វើការពិនិត្យអង្កេតពីគ្រប់សកម្មភាពដែលបានកើតឡើងក្នុងខ្សែច្រវាក់តម្លៃ ភាពទទួលខុសត្រូវពីតួអង្គពាក់ព័ន្ធផ្សេងទៀត សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងមានប្រសិទ្ធភាព។ គោលនយោបាយជាតិនេះ រៀបចំយ៉ាងល្អិតល្អន់ ទៅតាមបទដ្ឋាននៃការវិភាគគ្រប់ជ្រុងជ្រោយ លើគុណសម្បត្តិ គុណវិបត្តិ ចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រជាក់លាក់ ដែលមានផែនការសកម្មភាព ការរៀបចំអភិបាលកិច្ចលើគ្រប់វិស័យ»។ នេះជាការបញ្ជាក់របស់លោក ប៉ាន់ សូរស័ក្តិ។

ដំឡូងមីគឺជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី។ ដំឡូងមីត្រូវបានដាំដុះដោយប្រជា-កសិករនៅតាមទីជនបទ ហើយវាក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស។

នៅក្នុងឆ្នាំ២០២០ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត។ ក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០ នៅក្នុងពិភពលោក។ ដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ។

លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ វិស័យដំឡូងមីបានទទួលការវិនិយោគជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាម៉េរិក ដោយមានផ្ទៃដីដាំដុះជាង ៦ម៉ឺនហិកតា។ ក្នុងឆ្នាំ២០១៩ កម្ពុជា បាននាំចេញដំឡូងមីស្រស់ ក្រៀម និងម្សៅប្រមាណ ៣.៣០លានតោន ដែលគិតជាទឹកប្រាក់មានតម្លៃជាង ២៦.៤០លានដុល្លារអាម៉េរិក។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានទាញចំណាប់អារម្មណ៍អ្នកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយស្តីពីដំឡូងមីថា ដំឡូងមីជាអាជីវកម្មដំបូង និងសំខាន់បំផុត ដូច្នេះទាមទារឱ្យមានការចូលរួមវិនិយោគកាន់តែច្រើនពីផ្នែកឯកជន ទាំងក្នុងប្រទេស និងមកពីក្រៅប្រទេស ទៅលើខ្សែច្រវាក់តម្លៃ ផលិតកម្មកែច្នៃ និងទីផ្សារ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ដូច្នេះ «ដើមី្បឱ្យការអនុវត្តគោលនយោបាយជាតិខាងលើ ទទួលបានជោគជ័យ ចាំបាច់ត្រូវមានការចូលរួមសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា»

លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងដែរថា ដើម្បីទាញយកសក្តានុពលលើវិស័យដំឡូងមីនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួនដោយពង្រឹងសមត្ថភាព ដែលមានស្រាប់ និងបង្កើតសមត្ថភាពថ្មីដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយជាតិនេះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។

ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ឱ្យមានប្រសិទ្ធភាព លោក ប៉ាន សូរស័ក្តិ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសមួយជាលេខាធិការដ្ឋាន ដែលមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃប្រសិទ្ធភាពលើការអនុវត្តគោលនយោបាយជាតិនេះ ប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

ក្រុមការងារបច្ចេកទេសនេះ មានតួនាទី ពិនិត្យ តាមដាន និងវាយតម្លៃ សំណើកែលម្អការអនុវត្ត និងរាយការណ៍ជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕