(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល រួមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យសកម្មភាពការងារ ថែទាំព្យាបាល អ្នកជំងឺកូវីដ១៩ ចំនួន២០នាក់ ដែលក្នុងនោះ អ្នកជំងឺ៧នាក់កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង១២នាក់ កំពុងសំរាកនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និង១នាក់ កំពុងសំរាកនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់អ្នកជំងឺកូវីដ១៩ ក៏ដូចជាអ្នកជំងឺផ្សេងៗ ទៀតដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនជាមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ទាំងបងប្អូនដែលកំពុងបំរើសេវាសុខភាពជូន អ្នកជំងឺកូវីដ១៩ នៅតាមន្ទីរពេទ្យក៏ដូចជាបងប្អូន ដែលកំពុងបំរើសេវា ជូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក នៅតាមមន្ទីរពិសោធន៍ និងនៅតាមសហគមន៏ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត មិនខ្លាយនឿយហត់ក្នុងការផ្តល់សេវា ប្រកបដោយសីលធ៌មវិជ្ជាជីវៈកំរិតខ្ពស់។

លោកសាស្រ្តាចារ្យបានណែនាំឲ្យលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ចូលរួមដោយយកចិត្តទុកដាក់ ក្នុងការចែករំលែកបទពិសោធន៏ អំពីការថែទាំ ព្យាបាល អ្នកជំងឺ កូវីដ ១៩ តាមរយៈប្រពន្ធ័ Zoom ដែលក្រសួងសុខាភិបាលទើបបានរៀបចំឡើង។ នេះជាវេទិកាចែករំលែកបទពិសោធន៍មួយ រៀបចំនៅ ទីស្នាក់ការប្រចាំការថ្នាក់តំបន់ ក្នុងខេត្តបាត់ដំបង សំរាប់លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបបន្ទាន់បើសិនជាមាន អ្នកជំងឺដែលមានហានិភ័យខ្ពស់ ជាយថាហេតុ ។ វេទិកានេះនឹងមានលោកគ្រូ អ្នកគ្រូ ពេទ្យមកពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ចែករំលែកបទពិសោធន៍ ក្នុងការព្យាបាល និងថែទាំជំងឺកូវីដ១៩ ផងដែរ។

លោកសាស្រ្តាចារ្យ បានគូសបញ្ជាក់ផងដែរថា ការដែលខេត្តបន្ទាយមានជ័យ បានរកឃើញមានអ្នកជំងឺកូវីដ១៩ ច្រើន គឺឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ដ៏មោះមុតរបស់បុគ្គលិក មន្ត្រីសុខាភិបាល និង ស្ថាបន្ថ័ពាក់ពន្ធ័ទាំងអស់ ក្នុងការទប់ស្កាត់កុំឲ្យមានការចំលងមេរោគកូវីដ១៩ ចូលទៅរាលដាលដល់សហគមន៍ ក្នុងប្រទេស។

លោកបានសម្តែងនូវការកោតសរសើរ ដល់មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានប្រុងប្រយត្ន័ការពារខ្លួនខ្ពស់ មិនអោយមានការចំលង មកមន្រ្តី បុគ្គលិក សុខាភិបាលក្នុងពេលបំរើសេវា ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក និងផ្តាំផ្ញើដល់បុគ្គលិក មន្រ្តីសុខាភិបាល ទាំងអស់មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ក្នុងពេលបំពេញការងារ ជាពិសេសក្នុងពេលបំពេញការងារផ្តល់សេវាបំរើប្រជាពលរដ្ឋ៕