(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បន្តទប់ស្កាត់ ការពារជំងឺឆ្លងកូវីដ-១៩ បន្តទៀត ដាច់ខាតកុំឱ្យមានការីករាលដាលជាលើកទី២ នៅតាមសហគមន៍ ជាពិសេសរិតបន្តឹងនៅតាមបន្ទាត់ព្រំដែនថៃ ពាក់ព័ន្ធពលករខ្មែរ ដែលសមត្ថកិច្ចថៃ បានចាប់បញ្ជូនមកវិញចូលតាមច្រករបៀងនានា។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែធ្នូ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្ត ដោយមានការចូលរួម ពីថ្នាក់អភិបាលរងខេត្ត លោកមេបញ្ជាការមេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានាជុំវិញខេត្តចូលរួមផងដែរ។

លោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានឡើងអានបាយការណ៍ស្តីពីបញ្ហាស្ថានីយ៍ប្រេងឥន្ទនៈ និងដេប៉ូប្រេង មួយចំនួន ក្នុងខេត្តចាក់មិនគ្រប់បរិមាណ តាមខ្នាតរង្វាស់រង្វាល់ស្តង់ដារ ដែលក្រសួងបានកំណត់ដោយបានជូនដំណឹងដល់ម្ចាស់ស្ថានីយជាមុន និងចុះអនុវត្តដាក់ ឧបករណ៍ ពិនិត្យឲ្យបានត្រឹមត្រូវតាមបច្ចេកទេសតាមមាត្រដ្ឋានស្តង់ដារ ដែលក្រសួងបានកំណត់រួចហើយ។

លោក អ៊ូ ដារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឡើងអានលិខិតការផ្សព្វផ្សាយអនុក្រិត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបានបញ្ជាក់ពីសំណង់ទូទៅនានា ក្នុងខេត្តពាក់ព័ន្ធទៅតាមដែនសមត្ថកិច្ច និងសិទ្ធអនុញ្ញាត មានកម្រិតទទួលខុសត្រូវ រវាងមន្ទីរជំនាញថ្នាក់ខេត្ត និងថ្នាក់ ក្រសួងផ្តល់ឲ្យ។

លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេបស្តីពីការបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២១នេះ ដោយមន្ទីរជំនាញបានអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា រួចរាល់ហើយ និងបានបន្តអនុវត្តការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តអនាម័យស្អាតជាប្រចាំ ដល់សិស្សានុសិស្សរៀនតាមសាលានានាក្នុងខេត្តផងដែរ។

លោក ងួន រតន: បានឯកភាពលើរបាយការណ៍របស់មន្ទីរជំនាញដែលបានលើកឡើងក្នុងកិច្ចប្រជុំ និងបានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធបន្តទប់ស្កាត់ ការពារជំងឺកូវីដ-១៩ បន្តទៀត ជាពិសេសនៅតាមច្រករបៀងនានា។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពលករដែលត្រូវសមត្ថកិច្ចបានបញ្ជូនមក ត្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលរយ:ពេល១៤ថ្ងៃសិន ដោយមានមន្រ្តីជំនាញប្រចាំការ ចុះពិនិត្យសុខភាពជូនពលកររាល់ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនិងនាំចូលពីប្រទេសថៃតាមច្រករបៀង និងត្រូវសហការ ជាមួយកងកម្លាំងការពារព្រំដែនគោក ដើម្បីអនុវត្តការងារឲ្យបានល្អរបស់ការងារជំនាញរៀងៗខ្លួន៕