(ភ្នំពេញ)៖ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជារងផលប៉ះពាល់់យ៉ាងខ្លាំង ខណៈសណ្ឋាគារជាង ២០០ ទីតាំង ផ្ទះសំណាក់-ផ្ទះភ្ញៀវជិត ៣០០ទីតាំង និងមូលដ្ឋានអាជីវកម្ម ទេសចរណ៍ជាច្រើនត្រូវបានបិទទ្វារជាបន្តបន្ទាប់។

ក្រសួងទេសចរណ៍បានប្រាប់ Fresh News ឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារសរុបចំនួន ១,០២៨ ទីតាំង ស្មើនឹង ៤៤,៤២៨ បន្ទប់ និងផ្ទះភ្ញៀវមានចំនួន ២,៧៥៥ ទីតាំង ស្មើនឹង ៣៥,៧៩១ បន្ទប់។

ក្រសួងបានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ កន្លងទៅ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ ទីតាំង ស្មើនឹង ៣,១៧១ បន្ទប់ ត្រូវបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ក្រសួងទេសចរណ៍បានបន្តថា គិតមកដល់ពេលនេះ មិនទាន់មានសណ្ឋាគារ ឬផ្ទះភ្ញៀវណាមួយបើកដំណើរការឡើងវិញឡើយ គឺមានតែបិទទ្វារបន្ថែមទៀត។

លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) បានឱ្យដឹងថា ស្ទើរតែពេញមួយឆ្នាំ២០២០ សណ្ឋាគារ រីសត (Resort) និងទីតាំងទេសចរណ៍នានារបស់សមាជិកសមាគមសណ្ឋាគារកម្ពុជា មិនមានភ្ញៀវទេសចរបរទេសចូលស្នាក់នៅ និងទស្សនាទាន់តែសោះ មានតែភ្ញៀវទេសចរក្នុងស្រុកបន្តិចបន្តួច ដែលចូលស្នាក់នៅពេលមានពិធីបុណ្យទានជាដើម ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការចំណាយនៅក្នុងសណ្ឋាគារបានគ្រប់គ្រាន់នោះឡើយ។

លោកស្រីបានបន្តថា នៅពេលជួបនឹងបញ្ហាវិបត្តិនេះហើយ សណ្ឋាគារខ្លះក៏បង្ខំចិត្តបិទទ្វារលែងដំណើរការ ចំណែកឯសណ្ឋាគារខ្លះនៅបន្តបើក តែត្រូវកាត់បន្ថយប្រាក់ខែបុគ្គលខ្លះ ដើម្បីរក្សាការងារទាំងអស់គ្នា។

សូមជម្រាបថា ក្រៅពីរងផលប៉ះពាល់លើវិស័យទេសចរណ៍ខាងលើ វិស័យការងារនៅកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ផងដែរ។ នៅចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរនេះ ដោយគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារនៅក្នុងវិស័យទាំងពីរនេះចំនួន ៤៥ លើកមកហើយ។

កាលពីចុងឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ រយៈពេល៣ខែបន្ថែមទៀត រហូតដល់ខែមីនា ឆ្នាំ២០២១៕