(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនក្រៅប្រទេស នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នាសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា គោលបំណងផ្សព្វផ្សាយអំពីក្បួនដង្ហែរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃខែមេសាខាងមុននេះ។

ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីលើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរ ក្នុងនោះក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្មផងដែរ ដោយពិធីក្បួនដង្ហែរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៦ គ្រោងធ្វើឡើងនៅទីតាមបណ្តោយផ្លូវ Anaheim ក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០៦ខាងមុខ។

ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ាណែត បានស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយផ្សព្វផ្សាយ និងអញ្ជើញសមាជិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ជាការឆ្លើយតបអ្នកឧកញ៉ា គិត ម៉េង បានគាំទ្រដល់ព្រឹត្តិការណ៍ដ៏ប្រសើរនេះ និងរៀបចំឲ្យមានការផ្សាយផ្ទាល់ តាមទូរទស្សន៍ពីសហរដ្ឋអាមេរិកមកកម្ពុជា។ បន្ថែមពីលើនេះទៀត សមាជិកសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមឲ្យបានច្រើនកុះករ៕