(ស្វាយរៀង)៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង លោក សរ សុដានី អភិបាលរងក្រុង បានដឹកនាំកម្លាំងអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួន លក់ដូររំលោភ យកចំណីផ្លូវសាធារណៈនៅផ្សារវាលយន្តក្រុងស្វាយរៀង ដែលនាំឲ្យបង្កស្ទះចរាចរណ៍ បន្ទាប់ពីមានណែនាំជាច្រើនលើកច្រើនសារ នៅតែរឹងទទឹង ធ្វើឲ្យអាជ្ញាធរត្រូវតែរុះរើចេញពីផ្លូវដើម្បីសោភ័ណភាពក្រុង និងមានសណ្ដាប់ធ្នាប់ល្អ។

ការចុះអនុវត្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក កែន រិទ្ធី អធិការនគរបាលក្រុង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង មន្ត្រីរដ្ឋបាលក្រុង ប្រជាការពារភូមិ និងម្ចាស់ភាស៊ីផ្សារជាច្រើនរូបផងដែរ។

លោក សរ សុដានី បានឲ្យដឹងថា រដ្ឋបាលក្រុងបានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ ក៏ដូចជាបានចាក់មេក្រូ លាយលក្ខ័អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូន អាជីវករឲ្យមានចូលរួមសហការជាមួយរដ្ឋបាលក្រុង តែអាជីវករមួយចំនួននៅតែមិនព្រមស្ដាប់ការណែនាំ និងរឹងទទឹងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។

ការចុះអនុវត្តរបស់រដ្ឋបាលក្រុងនេះ ធ្វើដើម្បីផលប្រយោជន៍រួម មិនមែនបុគ្គលណាមួយនោះទេដោយក្នុងនាមជាអាជ្ញាធរ គឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវកដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភណ័ភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ធំំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ។

លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំលក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះ គឺងាយស្រួលដល់ការធ្វើដំណើររបស់អតិថិជនទិញមុខទិញទំនិញបន្លែរ និងរបស់របរផ្សេងៗ មានចិត្តសប្បាយរីករាយ ចំណែកបងប្អូនលក់ដូរវិញក៏មានចិត្តសប្បាយក្នុងការលក់ដូរ និងធ្វើឲ្យមានជីវភាពកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួន ធ្វើតម្រាប់តាមគ្នាដោយមិនគិតពីផលប្រយោជន៍រួមដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួន ដើម្បីតែបានលក់ដូរបំពានលើចំណីផ្លូវនោះហើយលោកក្នុងនាមអាជ្ញាធរក្រុងក៏មិនសប្បាយចិត្តដែរ។

លោកថា ក្នុងនាមអាជ្ញាធរក្រុងស្វាយរៀង សូមក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករ សូមចូលរួមសហការជាមួយនិងអនុវត្តតាមរបស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងការរៀបចំសណ្ដាប់ធ្នាប់បានល្អ ប៉ុន្តែក៏នៅមានបងប្អូនមួយចំនួនតូចមិនអនុវត្តតាមហាក់បីដូចជាមើលស្រាលដល់ក្រុមការងារ ខ្លះសំដីមិនល្អមិនពិរោះស្ដាប់ប៉ុន្តែអាជ្ញាធរគឺបំពេញតាមតួនាទីភារកិច្ច ដើម្បីបញ្ជ្រាបដល់បងប្អូនចូលរួមស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករ ដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅជុំវិញផ្សាវាលយន្តក៏ដូចជា ទូទាំងក្នុងក្រុងស្វាយរៀង និងតាំងលយសំយាបមុខផ្ទះលើចំណីផ្លូវ និងសាងសង់សំណង់ផ្សេងៗ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯងសូមកុំរង់ចាំដល់តែអាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅ ហើយធ្វើឲ្យមានផលប៉ះពាល់ដល់សម្ភារ និងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថា អយុត្តិធម៌អាជ្ញាធរប្រើធម៏ក្ដៅនោះ ដើម្បីចង់ឲ្យបងប្អូនមានការប្រែក្លាយជាអាជីវករលក់ដូរគំរូសម្រាប់ខេត្តស្វាយរៀងហើយសង្ឃឹមជឿជាក់ថាបងប្អូនអាជីវករគឺអាចធ្វើទៅបានផងដែរ៕