(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានរៀបចំបើកវគ្គហ្វឹកហាត់ដល់កម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិសេសវគ្គទី១ជំនាន់ទី (២) ដែលមានសិក្ខាកាមចំនួន២២នាក់។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ថែ្លងឲ្យដឹងថា ការហ្វឹកហាត់ដល់កងកម្លាំងនគរជាតិ ដោយអនុវត្តន៍ទៅតាមការចង្អុលបង្ហាញ និងមានការគាំទ្រពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ ដែលបានជួយឧបត្ថម្ភសម្ភារប្រើប្រាស់ និងមានការគាំទ្រពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងផងដែរ។

លោកឧត្តមសេនីយ៍ គង់ មនោ បានថ្លែងបន្តថា ការហ្វឹកហាត់ដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការនគរបាលខេត្តកោះកុងនាថ្ងៃនេះ គឺហ្វឹកហាត់វគ្គទី១ ជំនាន់ទី(២) ហើយការហ្វឹកហាត់នេះ ដើម្បីឲ្យមន្ត្រីនគរបាលជាតិយកចំណេះដឹងទាំងអស់នេះទៅរក្សាការពារសន្តិសុខ បង្ក្រាបជនល្មើសដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមឲ្យមានសុវត្ថិភាព ហើយមិនឲ្យជនល្មើសរួចខ្លួនឡើយ។

លោកបន្តថា ក្នុងគោលបំណងពង្រឹងសមត្ថភាពកាយសម្បទារឹងមាំយុទ្ធវិធី ការបង្ក្រាបជនល្មើស ជាពិសេសចេះប្រើប្រាស់អាវុធខ្លី ការពារខ្លួនឯង និងការពារសុវត្ថិភាពប្រជាពលរដ្ឋនៅពេលជនល្មើស ចាំពលរដ្ឋធ្វើជាចំណាប់ខ្លាំងមិនថា លើផ្ទៃទឹកឬផ្លូវគោកឡើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ការហ្វឹកហាត់ថ្ងៃនេះ មានកងអន្តរាគមន៍ពិសេសមកពីអធិការគ្រប់បណ្តាស្រុកកម្លាំងនគរបាលការពារព្រំដែនជើងគោកលេខ៨២៧ និងកម្លាំងអន្តរាគមន៍ពិសេស ស្នងការនគរបាលខេត្តសរុប២២នាក់ ស្រី៣នាក់ ហើយការហ្វឹកហាត់នេះមានវិធីសាស្រ្តដូចខាងក្រោម៖

*ទី១៖ របៀបប្រើប្រាស់អាវុធខ្លី និងតម្រង់ផ្ទាំងស៊ីប
*ទី២៖ វិធីចាប់ជនល្មើស
*ទី៣៖ វិធីចាប់ជនល្មើសក្នុងទីវាលសាធារណៈ
*ទី៤៖ វិធីចាប់ជនល្មើសមានអាវុធ (ដំបង ឬកាំបិត) និងមានគ្រូបង្គោលចំនួន១២នាក់ ស្រី៤នាក់ ហើយនៅគ្រូបង្គោលទទួលការហ្វឹកហាត់បញ្ចប់វគ្គពីស្នងការនគរបាលខេត្ត ត្រូវរៀបចំឲ្យមានការហ្វឹកហាត់នៅតាមអង្គភាពរៀងៗខ្លួនជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្លាំងរបស់អង្គភាពខ្លួន មានសមត្ថភាពកាយសម្បទារឹងមាំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបជនល្មើស។

លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានវិជ្ជាជីវៈក្រមសិលធម៌ល្អអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន ក្នុងនាមជាសមត្ថកិច្ចការពារប្រទេសជាតិការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយមិនត្រូវប្រើប្រាស់អាវុធផ្តេសផ្តាស ឬយកអាវុធមកលេងសើចឡើយវានាំឲ្យមានទោសដល់ខ្លួននោះឡើយ៕