(បន្ទាយមានជ័យ)៖ កម្លាំងជំនាញស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀនមួយចំនួនធំ ព្រមទាំងសម្ភារមួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឲ្យដឹងថា ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក ចំនួន១ថង់ធំកិប ទម្ងន់៧,៩០ក្រាម ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ និងសម្ភារពាក់ព័ន្ធ និងជក់មួយចំនួន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមមានទី១៖ ឈ្មោះ ឆឺន អ៊ីត អាយុ១៧ឆ្នាំ និងទី២៖ ឈ្មោះ ខ្វឿន ជីវ៉ា អាយុ២២ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិគោកបល័ង្គ ឃុំគោកបល័ង្គ ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ។

ជនសង្ស័យឈ្មោះ ឆឺត អ៊ីត បានឆ្លើយសារភាពថា រូបគេពិតជាបានលក់ថ្នាំញៀននេះក្នុងក្រុងសិរីសោភ័ណ និងទុកជក់ ចំណែកឈ្មោះ ខ្វឿន ជីវ៉ា បានឆ្លើយសារភាថា រូបគេគ្រាន់តែជក់មិនបានរួមចំណែកលក់ជាមួយឈ្មោះ ឆឺត អុីត នោះទេ។

ផ្អែកលើចម្លើយសារភាព និងវត្ថុតាងខាងលើ និងតាមការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀនជាលទ្ធផលវិជ្ជមានផង ទើបកម្លាំងជំនាញគ្រឿងញៀ អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យ បទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តចាត់ការ។ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕