(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មករា នេះ សៀវភៅជាភាសាអង់គ្លេសដែលមានចំណងជើងថា «Hun Sen – War & Peace in Cambodia and Southeast Asia» ដែលមានន័យជាភាសាខ្មែរថា «ហ៊ុន សែន - សង្រ្គាមនិងសន្តិភាពនៅកម្ពុជា និងអាស៊ីអាគ្នេយ៍» ត្រូវបានចេញផ្សាយជាផ្លូវការ ដើម្បីជូនមិត្តអ្នកអានទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។

លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅបានរៀបរាប់ថា សៀវភៅនេះបានបង្ហាញពីព្រឹត្តិការណ៍នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០ មកឆ្នាំ២០២០ ដែលប្រទេសកម្ពុជាឆ្លងកាត់ គ្រប់រសជាតិ ពិសេស ខណៈពេលដែលមហាអំណាចបស្ចឹមប្រទេស និងអាស៊ីកំពុងប្រកួតប្រជែងគ្នា ទាំងសព្វាវុធ បច្ចេកវិទ្យា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនោគមន៍វិទ្យា និងភូមិសាស្រ្តនយោបាយ។

លោក ឆាយ សុផល ដែលជាសាស្រ្តាចារ្យព័ត៌មានដែរនោះបានបញ្ជាក់ថា «ជាការពិត ប្រជាជនកម្ពុជា រួមទាំងបរទេសផងបានស្គាល់សម្តេចតេជោ ហ៊ុន សែន ជានរណា ប៉ុន្តែពួកគាត់ទំនងជាមិនបានដឹងពីបញ្ហាប្រទាក់ក្រឡាគ្នាជាច្រើន ដែលប្រទេសកម្ពុជាបានឆ្លងកាត់កលិយុគ បង្ហូរឈាម កាប់សម្លាប់គ្នាក្នុងភ្លើងសង្រ្គាម រួមទាំងប្រល័យពូជសាសន៍ឯង រហូតដល់ប្រទេសមានសន្តិភាពមកដល់ពេលនេះ»

លោកបន្តថា បើទោះជាសៀវភៅនេះបានលើកយកសម្តេចតេជោ ហ៊ុន សែន ជាតួអង្គក៏សៀវភៅបានរៀបរាប់ពីព្រឹត្តិការណ៍នយោបាយ យោធា និងសង្គមផ្ទៃក្នុងប្រទេសកម្ពុជា រួមនិងកិច្ចការបរទេសដែលពាក់ព័ន្ធនឹងកម្ពុជាផងដែរ។

បើតាមការឲ្យដឹងពីលោក ឆាយ សុផល គឺសង្គ្រាមនៅកម្ពុជាមិនមែនជាបញ្ហាតែរបស់កម្ពុជានោះទេ ប៉ុន្តជាបញ្ហាតំបន់ និងក៏ដូចជាការសាបព្រោះមនោគមន៍វិទ្យា របស់ប្រទេសមហាអំណាចលើពិភពលោកផងដែរ ដូចជាអាម៉េរិក ប្រទេសមួយចំនួននៅអឺរុប អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកជាដើម។

លោកបញ្ជាក់ថាថា ការបញ្ចប់សង្រ្គាមដោយនាំមកនូវសន្តិភាពនៅកម្ពុជា គឺជាសេចក្តីសុខនិងការអភិវឌ្ឍរបស់កម្ពុជាខ្លួនឯងផង និងជាសេចក្តីសុខសាន្ត របស់ប្រជាជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផង។

នៅក្នុងសៀវភៅ ដែលមានកម្រាស់សរុប៦៥៦ទំព័រ អ្នកនិពន្ធក៏បានរៀបរាប់ពីលក្ខណៈពិសេសរបស់សម្តេចតេជោផងដែរ ដែលក្នុងនោះរួមមាន៖
• ពូកែចាំ (ទាំងភូមិសាស្រ្ត កិច្ចការប្រចាំថ្ងៃ និងមនុស្ស)
• ស្អប់មនុស្សក្រឡេចក្រឡុច ស្អប់ការប្រមាថ និងស្អប់ក្មេងព្រហើន
• ស្តាប់ការពន្យល់ និងទទួលយកអ្វីដែលសមហេតុផល
• មានមនោសញ្ចេតនា តែមិនទន់ជ្រាយ
• ពូកែប្រើមនុស្ស (ឈើកោងធ្វើកង់ ឈើត្រង់ធ្វើកាំ ឈើសាំញ៉ាំ ធ្វើដុំ)
• ចេះបត់បែនតាមកាលៈទេសៈ ដើម្បីប្រយោជន៍រួម (យុទ្ធសាស្រ្តឈ្នះឈ្នះ) តែមិនចូលចិត្តអ្នកក្រឡេចក្រឡុច និយាយមិនពិត បាតដៃជាខ្នងដៃ ហើយស្អប់អ្នកប្រឆាំងផ្កាប់មុខដោយមិនស្តាប់ហេតុផល
• មិនបិទសរសៃឈាមគេ
• សង្រ្គោះប្រជាជនចេញពីរបបបប្រល័យពូជសាសន៍ ១៩៧៩ និងនាំមេដឹកនាំកំពូលនៃរបបនេះមករកយុត្តិធម៌នៅតុលាការ កម្ពុជា-អន្តរជាតិ
• បញ្ចប់សង្រ្គាមចុង១៩៩៨ នាំមកសន្តិភាពទាំងស្រុងជូនជាតិ និងជំរុញការអភិវឌ្ឍជាតិ
• ប្រកាន់យកនយោបាយការបរទេសប្រកបដោយការប្រុងប្រយ័ត្ន ខណៈមហាអំណាចបស្ចឹមប្រទេស និងអាស៊ីប្រកួតប្រជែងគ្នា ទាំងសព្វាវុធ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងមនោគមន៍វិទ្យា ពិសេសការចង់ក្រសោបភូមិសាស្រ្តនយោបាយ។

សៀវភៅក៏បានរំលេចដែរថា សម្តេចតេជោជានាយករដ្ឋមន្រ្តីដែលឆ្លងកាត់ជីវិតជាអ្នកចម្ការ ជាក្មេងវត្ត ជាអ្នករកស៊ីជួញដូរតិចតួចនៅតាមភូមិ ជានាយទាហាន មេបញ្ជាការ ឆ្លងកាត់សមរភូមិប្រុយុទ្ធ ជាអ្នកទោស ជាអ្នកសង្រ្គោះ ជារដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី ហើយបើទោះជាត្រូវបានគេតាមធ្វើឃាតជាច្រើនលើកក៏ដោយ ក៏ក្រុមឃាតករ មិនបានសម្រេចឡើយ។

ឆ្លងកាត់បទពិសោធន៍ជារដ្ឋមន្រ្តីការបរទេស និងជានាយករដ្ឋមន្រ្តីក្មេងជាងគេក្នុងពិភពលោក ពិសេសកាន់តំណែងនាយករដ្ឋមន្រ្តីយូរជាងគេ សម្តេចតេជោបានខិតខំតស៊ូមតិ ជាមួយប្រទេសមហាអំណាច ដើម្បីអធិបតេយ្យភាពជាតិ និងប្រយោជន៍ប្រជាជន ដោយឈរលើគោលការណ៍សមភាព និងសមធម៌ ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
ទន្ទឹមនឹងនោះ លោកបានពង្រឹងសាមគ្គីភាព និងកម្លាំងការពារជាតិ ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ ដើម្បីរក្សាសន្តិភាព ដែលរកបានទាំងលំបាក។

ការសម្ពោធសៀវភៅនៅពេលនេះ ក៏ចង់ចូលរួមរម្លឹកខួបលើកទី៤២នៃទិវាជ័យជំនះ៧ មករា ១៩៧៩, រម្លឹកឆ្នាំទី៣៦នៃការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ របស់សម្តេចតេជោ ១៤ មករា ១៩៨៥, រម្លឹកខួបឆ្នាំទី២២នៃការបញ្ចប់សង្រ្គាមទាំងស្រុងនាំមកសន្តិភាពទូទាំងប្រទេស, អបអរតំណក់ប្រេងលើកដំបូងនៅកម្ពុជា, ខួប
មង្គលការលើកទី៤៥ឆ្នាំ ៥ មករា ១៩៧៦, និងអបអរចៅទី២២ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

សៀវភៅ «Hun Sen – War & Peace in Cambodia and Southeast Asia» បោះពុម្ពចំនួនមួយម៉ឺនច្បាប់អស់តម្លៃជាង៧ម៉ឺនដុល្លារមានដាក់លក់នៅតាម បណ្ណាគារធំៗក្នុងរាជធានីភ្នំពេញ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិ និងចែកជូនមន្រ្តីការទូតខ្មែរនិងបរទេសផងដែរ។

មកដល់ពេលនេះ លោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មានជើងចាស់បានសរសេរសៀវភៅជាង១០ច្បាប់ហើយ ដោយមានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន៕