(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើ និងសំពូមពរឲ្យពលរដ្ឋត្រូវជឿទុកចិត្តលើការខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមពិតប្រាកដពាក់ព័ន្ធវិវាទដីធ្លី។

ការស្នើ និងសំណូមពរបែបនេះ ខណៈលោកអភិបាលខេត្តកំពត ដឹកនាំមន្ត្រីរាជការជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធបញ្ហាដីធ្លី ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច របស់លោកឧកញ៉ា សូ ងួន នៅឃុំពាក់ព័ន្ធមួយចំនួន ក្នុងស្រុកឈូក នៅសាលាឃុំត្រពាំងភ្លាំង ស្រុកឈូក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដោយចូលរួមពីលោកឧកញ៉ា សូ ងួន និងតំណាងប្រជាពលរដ្ឋប្រមាណ៤៥នាក់ផងដរ។

អភិបាលខេត្តកំពត បានបញ្ជាក់ថា អ្វីដែលជាសំណូមពរជាបញ្ហាប្រឈមទុក្ខកង្វល់ និងតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន តែងបានផ្តល់អនុសាសន៍ណែនាំដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្ត ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវតែខិតខំយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ។

រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម សំណូមពរ ទុក្ខលំបាក និងតម្រូវការពិតប្រាកដ គឺអាជ្ញាធរខេត្ត ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវតែមានកិច្ចអន្តរាគមន៍ ជួយសម្របសម្រួលដោះស្រាយ ទៅតាមអ្វីជាក់ស្ដែង ដោយអនុវត្តតាមគោលការណ៍ឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាក់ស្ដែងពាក់ព័ន្ធដីធ្លីដែលបងប្អូនប្រជាពលរដ្ឋ មានបញ្ហាប្រឈមជាមួយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន លោកឧកញ៉ា សូ ងួន ដែលតែងតែមានការតវ៉ាកន្លងមក ក្នុងនាមរដ្ឋបាលខេត្ត ដែលជាអាជ្ញាធរគ្រប់គ្រងផ្ទាល់ តែងតែធ្វើការដោះស្រាយជូនបងប្អូន ប៉ុន្តែក៏ត្រូវការធ្វើអង្កេតវាយតម្លៃស្ថិតិឲ្យបានពិតប្រាកដ ផ្អែកតាមលក្ខណៈច្បាប់ ដើម្បីធ្វើសំណើដាក់ជូនរាជរដ្ឋាភិបាលសម្រេចដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ។

អភិបាលខេត្តបានបញ្ជាក់ថា ដើម្បីឱ្យការដោះស្រាយនេះ មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រុមការងាររដ្ឋបាលខេត្ត ចុះមកដល់ទីតាំងនិងជួបប្រជាពលរដ្ឋផ្ទាល់នាពេលនេះរួមមាន៖

*ទី១៖ ក្នុងគោលបំណង ដើម្បីពិនិត្យអំពីស្ថានភាពភូមិសាស្រ្ត ជាក់ស្ដែង
*ទី២៖ ចង់បាននូវសំណូមពរផ្ទាល់ របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈមកន្លងមក តើនៅមានចំណុចណាខ្លះ ដែលត្រូវយកទៅដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្ត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តលើការខិតខំ របស់រដ្ឋបាលខេត្តក្នុងការដោះស្រាយជូនបងប្អូន។

អភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុន សូ ងួន ចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ត បន្តធ្វើអង្កេត ស្ថិតិនូវបញ្ហាប្រឈម សំណូមពរតម្រូវការ របស់ប្រជាពលរដ្ឋ ឲ្យបានជាក់លាក់ពិតប្រាកដ ដើម្បីបានជាមូលដ្ឋានដាក់ ក្នុងកិច្ចប្រជុំដោះស្រាយបន្តទៀត។

សូមបញ្ជាក់ថា ជាលទ្ធផលតាមការធ្វើអង្កេតអត្តសញ្ញាណ ដោយរដ្ឋបាលស្រុកឈូក ទៅលើប្រជាពលរដ្ឋចូលកាន់កាប់នៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន លោកឧកញ៉ាសូ ងួន មានចំនួន៩០ គ្រួសារ ក្នុងនោះ ក្រុមហ៊ុនបានទទួលស្គាល់ និងត្រៀមបម្រុងដីចំនួន៨០ហិចតា កាត់ឈ្វៀល ជូនគ្រួសារប្រជាពលរដ្ឋ នៅសល់ពីការវាស់វែងជំនាន់បទបញ្ជា០១ របស់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ឆ្នាំ២០១២ ស្មើនឹងចំនួន៤០គ្រួសារ ចំណែកនៅសល់ជាង៥០គ្រួសារទៀត អភិបាលខេត្ត បានឲ្យក្រុមហ៊ុនរក្សាពួកគាត់ នៅលើដីនោះដដែលសិន។

ចំណែកបញ្ហាប្រឈមដីធ្លីនៅតំបន់ដទៃទៀត អភិបាលខេត្តសម្រេចឲ្យក្រុមការងារបន្តចុះអង្កេត វាយតម្លៃជាក់ស្ដែងឲ្យបានជាក់លាក់ផងដែរ ដើម្បីរដ្ឋបាលខេត្តបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តជូនប្រជាពលរដ្ឋផងដែរ៕