អភិបាលខេត្តកំពង់ចាម ណែនាំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ថែរក្សាផ្ទៃដីរដ្ឋបឹងបួរ ត្រពាំង សម្រាប់មនុស្សជំនាន់ក្រោយ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជួយថែរក្សារការពារ ផ្ទៃដី បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ លោកអភិបាលខេត្ត បានថ្លែងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យមើលទីតាំងដីសាធារណៈរបស់រដ្ឋ ក្នុងតំបន់ទំនប់តាសេក ស្ថិតក្នុងភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម ។

បើតាមមន្ត្រីរដ្ឋបាលឃុំកោះរកា បានឱ្យដឹងថា ដីតំបន់ទំនប់តាសេកនេះជាដីរបស់រដ្ឋនៅជាប់មាត់បឹង ដែលកន្លងមកមានប្រជាពលរដ្ឋចំនួនជាង ៣០គ្រួសារបានអាស្រ័យផលដាំដំណាំ ហើយបានស្នើសុំទៅអាជ្ញាធរ និងមន្ត្រីសុរិយោដី ដើម្បីធ្វើប័ណ្ណកាន់កាប់ស្របច្បាប។

មន្ត្រីដដែលឲ្យដឹងទៀតថា ពលរដ្ឋចំនួនជាង ៣០គ្រួសារដែលបានស្នើសុំធ្វើកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីទំហំ ប្រមាណជាង៣ហិកតានៃផ្ទៃបឹងសរុបប្រហែលពី ៦ទៅ៧ ហិកតា។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីបានចុះពិនិត្យ លោកអភិបាលខេត្ត បានសម្រេចឲ្យមន្ត្រីជំនាញ ធ្វើការសិក្សាសិន រង់ចាំការសម្រេចជាក្រោយ៕