(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News របស់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នំ២០២១នេះ សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា សារព័ត៌មាននោះបានសរសេរអត្ថបទព័ត៌មានខុសនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចាត់ទុកថា អត្ថបទនោះធ្វើឲ្យមានការយល់ច្រឡំ និងបានស្នើឲ្យម្ចាស់អត្ថបទខាងលើ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ៕