(ស្វាយរៀង)៖ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយជ្រំ ដែលជាសាលាគំរូមួយខាងបរិស្ថានស្អាត និងទទួលបានពានរង្វាន់ធំ៣ នៅក្នុងឆ្នាំសិក្សា ២០១៩-២០២០នេះ ស្ថិតនៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានអំពាវនាវសុំក្រសួងអប់រំ យុវជន និងកីឡា ជួយសាងសង់សាលារៀន២ខ្នងបន្ថែមទៀត ខណៈអគារមួយខ្នង កំពុងតែមានសភាពទ្រុឌទ្រោមខ្លាំង និងដោយសារកំណើនរបស់សិស្សកើនឡើងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឲ្យមានការខ្វះអគារសិក្សា។

លោកគ្រូ ចាន់ សំអន មានវ័យ៤២ឆ្នាំ ជានាយកសាលាបឋមសិក្សាស្វាយជ្រំ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា លោកបានមកធ្វើជានាយកសាលារៀនបឋមសិក្សាស្វាយជ្រំនេះ តាំងពី ឆ្នាំ២០១៣ មកម្ល៉េះ គឺមានរយៈពេល ៨ឆ្នាំមកហើយ។ សាលានេះបង្កើតឡើងនៅឆ្នាំ១៩៥៣ ដែលមានឈ្មោះដើមថា សាលាបឋមសិក្សាដុកផង់។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សាលាបឋមសិក្សាសិក្សាដុកផង់ បានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំវិញ។ បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអាគារសិក្សា ៦ខ្នងស្មើនឹង ២៦បន្ទប់មានសិស្សសរុប ១,០០១ នាក់ (ស្រី៤៩៦នាក់) មានគ្រូសរុប ៣២នាក់ស្រី ២៥នាក់ ដែលចែកចេញជាពីរកម្រិតគឺមត្តេយ្យ និងបឋម មាន២៥ថ្នាក់។

លោកគ្រូបានបន្តថា ក្នុងឆ្នាំសិក្សា២០១៩-២០២០ សាលាបានទទួលពានរង្វាន់ធំៗចំនួន៣ដូចជា៖ ទី១៖ ពានរង្វាន់អមដោយមេដាយមាសជាសាលាមេត្រីបរិស្ថានកម្ពុជា ពីក្រសួងបរិស្ថាន, ទី២៖ ពានរង្វាន់មាសសាលាមេត្រីបរិស្ថានអាស៊ាន, ទី៣៖ ពានរង្វាន់សាលាស្អាតពីសម្ដេចតេជោ ហ៊ុន សែន ចំណាត់ថ្នាក់លេខ១។

លោកនាយកបានបន្តថា សាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការដាំបន្លែ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើជីកំប៉ុសសម្រាប់ស្រោចដំណាំ និងប្រមូលសំរាម ក្នុងបរិវេណសាលាជាដើម ហើយសកម្មភាពទាំងនេះ គឺជាការងាររួមដែលសាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។

លោកបានបន្ថែមថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មាន ស្រះចិញ្ចឹម ត្រីចំនួន៣ផងដែរ។ ដោយសកម្មភាពទាំងនេះគោលបំណងដែលសាលាឲ្យសិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅ ប្រចាំថ្ងៃ ចេះដាំដំណាំ និងចូលរួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីនៅក្នុងសាលាទៅបរិភោគបានដោយមិន ចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមកទិញគ្រាប់ពូជដាំបន្ថែមទៀត។

លោកគ្រូបានបន្ថែមថា ទិសដៅបន្តនៅពេលខាងមុខសាលាបឋមសិក្សាស្វាយជ្រំ នឹងខិតខំកែលម្អបរិស្ថានសាលារៀនបន្ថែមទៀតនឹងបន្តទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ និងសប្បុរសជននានា ដើម្បីកៀរគរថវិកាមកកែលម្អបរិស្ថានសាលារៀន ព្រមទាំងខិតខំបន្តពង្រឹងគុណភាពបង្រៀន និងរៀនដើម្បីឲ្យសិស្សានុសិស្សទទួលការសិក្សា ប្រកបដោយគុណភាពប្រសិទ្ធភាព និងបរិយាប័ន្ន និងឈានទៅទទួលបានជានាយកល្អពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់សាលាសេវាសាធារណៈគម្រូ នាឆ្នាំសិក្សា២០២០.២០២១ខាងមុខ៕