(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) សូមគោរពអបអរសាទរ ចំពោះឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃ ធនាគារជាតិ នៃកម្ពុជា (National Bank of Cambodia) ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសរើសជា ធនាគារិកឆ្នើមនៃធនាគារកណ្តាលប្រចាំឆ្នាំ២០២១ (The Central Banker of the Year 2021) ប្រចាំទ្វីបអាស៊ីបាស៊ីហ្វិក តាមរយៈគេហទំព័រ The Banker របស់ការសែត The Financial Times ។

ការជ្រើសរើសរបស់សារព័ត៌មាន ដែលមានចំណាស់ជិត១០០ឆ្នាំ ផ្អែកលើស្នាដៃដឹកនាំដ៏ជោគជ័យ លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឆ្លងកាត់ឧបសគ្គនានាក្នុងឆ្នាំ២០២០។

សារព័ត៌មាននេះក៏រំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ជួយលើកម្ពស់វិស័យហិរញ្ញវត្ថុឆ្លងកាត់ជំងឺកូវីដ១៩ ពិសេសការដាក់ចេញនូវសារាចរក្នុងការរៀបចំឥណទានឡើងវិញ ការលើកម្ពស់ប្រព័ន្ធធនាគារឌីជីថល ក៏ដូចជាការការលើកម្ពស់ប្រាក់រៀលខ្មែរ ខណៈដែលសេដ្ឋកិច្ចក្នុងស្រុករំពឹងថានឹងកើនឡើង ១,៩%៕