(ភ្នំពេញ)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បាននាំយកទេយ្យទាន ចង្ហាន់ និងបច្ច័យមួយចំនួន ប្រគេនព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ចៅអធិកាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងព្រះមហាវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្ដាំ និងព្រះសង្ឃគ្រប់អង្គ ដែលគង់នៅក្នុងវត្តនេះ។ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង មានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក ងួន វិទូ អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ និងលោកស្រី ផងដែរ។

លោកស្រី ញ៉ែម សាខន បាននាំយកទៅនាវេលានោះ រួមមាន គ្រឿងសក្ការៈបូជាមាន ទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះរតនត្រ័យមានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាននាំយកនូវចតុបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងចង្ហាន់ថ្ងៃត្រង់ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងបង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ខាងសម្តេចក្រឡាហោម ស ខេង និងខាងលោកស្រី ដែលបានធ្វើមរណកាលទៅហើយនោះ ជាពិសេស ឧទ្ទិសចំពោះវិញ្ញាណក្ខ័ន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៉ីម និងលោកជំទាវ ញ៉ែម សឿន។

ជាមួយគ្នានោះ ព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ និងព្រះមហាវជិរប្បញ្ញោ គូ សុភាព បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រីចៅៗ របស់សម្តេចនិងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបាននាំយកទេយ្យទាន បច្ច័យ និងចង្ហាន់ថ្ងៃត្រង់ ប្រគេនព្រះសង្ឃនៅវត្តគល់ទទឹងនាឱកាសនេះ ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមបុណ្យកុសលទាំងអស់ បានទៅដល់ញាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅ៕