(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អះអាងថា ពេញមួយឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការគ្រប់គ្រង និងការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយនឹងការគ្រប់គ្រងរដ្ឋបាលទូទៅ បានយ៉ាងល្អប្រសើរ រហូតទទួលបានការគាំទ្រ និងការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងពេញទំហឹង។

នេះបើតាមការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះលោក ប៉ា សុជាតិវង្ស បានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការគ្រប់គ្រងរដ្ឋបាលទូទៅ ក្នុងមួយឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញរក្សាបានយ៉ាងល្អប្រសើរ។ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតសេសសល់មួយចំនួន ដែលអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ថែមទៀតដែរ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលខិតខំប្រមូលផ្ដុំកម្លាំងដើម្បីអនុវត្តធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព និងត្រៀមបង្ហាញពីសមិទ្ធផលនានាជាមួយការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ទាំងនេះឲ្យសាធារណៈជនបានឃើញ ដើម្បីត្រៀមទទួលយកជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ខាងមុខនេះ។ លោកប្រធានក៏បានស្នើសុំឲ្យពង្រឹងតួនាទីគ្រប់ថ្នាក់ ទាំងថ្នាក់ខណ្ឌ និងសង្កាត់ ពីការបម្រើសេវាឲ្យកាន់តែល្អប្រសើរ កាន់តែទំនើប ទទួលបានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ក្រុមប្រឹក្សារាជធានី បានកោតសរសើរថែមទៀត ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ដល់ការខិតខំពង្រឹង ការបង្ក្រាបបទល្មើសគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជា ការដោះស្រាយបញ្ចប់ទំនាស់ និងពាក្យបណ្តឹងក្នុងឆ្នាំ២០២០កន្លងមកនេះ ដែលថ្នាក់ខណ្ឌបានដោះស្រាយបញ្ចប់ចំនួន ១៨៨ករណី និងថ្នាក់សង្កាត់ ដោះស្រាយបញ្ចប់បាន ២,៤៨ករណី។

ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំសិក្សាស្រាវជ្រាវរកឃើញសំណង់ ចាស់ៗនៅ តាមវត្តចំនួន៦៩ លើ ៨៩វត្ត ក្នុងខណ្ឌទាំង១៤ ព្រមទាំងរកឃើញវត្ថុបុរាណដែលមាននៅ តាមវត្តទាំង៣៦ លើ ១១០វត្ត និងទួលបុរាណចំនួន២ទៀត (ទួលសំរោង និងទួលចាស់)។ លោកថែមទាំងកោតសរសើរ ចំពោះសកម្មភាពការបំបែកសហកម្មសិទ្ធិតាមបុរីមួយចំនួន។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះរាល់សំណើ និងសំណូមពររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យរដ្ឋបាលរាជធានីពង្រឹងតួនាទីគ្រប់ថ្នាក់ទាំងថ្នាក់ខណ្ឌ និងសង្កាត់ពីរបៀបរបបធ្វើការងារឲ្យកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំធ្វើកិច្ចការនេះ ឱ្យប្រសើរឡើងថែមទៀត៕