(ប៉ៃលិន)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញដល់អាជ្ញាធរ និងមន្ត្រីសុខាភិបាលខេត្តប៉ៃលិន ត្រូវបង្កើនការយកចិត្ដទុកឲ្យកាន់តែម៉ឺងមាត់បន្ថែមទៀត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំប្រតិភូក្រសួងសុខាភិបាល ជួបសំណេះសំណាលពិភាក្សាការងារ ជាមួយលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ក្នុងពិធីជួបសំណេះសំណាល ពិភាក្សាការងារខាងលើនេះ ក៏មានការអញ្ជើញចូលរួម ពីមន្ត្រីអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ក្នុងចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍។

លោកស្រី ឱ វណ្ណឌីន បានបន្ដទៀតថា មន្រ្តីរបស់យើងត្រូវខិតខំបំពេញភារកិច្ចប្រកប ដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកអនុវត្តបទបញ្ជា ក៏ដូចអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ ពិសេសត្រៀមទទួលពលករ ដែលចំណាកស្រុក ចូលមកពីប្រទេសថៃ តាមច្រករបៀងនានា។

លោកស្រី បានគូសបញ្ជាក់ថា រាល់ពលករទាំងអស់ ដែលមកពីក្រៅស្រុក ជាពិសេសថៃ ត្រូវមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ ចូលក្នុងសហគមន៍។

បន្ថែមពីនោះទៀត អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មន្ត្រីសុខាភិបាល នឹងរួមគ្នាបំពេញតួនាទីភារកិច្ចឲ្យបានល្អ ដោយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ក្នុងការរួមគ្នាទប់ស្កាត់ កុំឲ្យវីរុសកូវីដ១៩ ឆ្លងចូលសហគមន៍បាន។

លោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យដឹងថា ក្នុងពេលបំពេញភារកិច្ច ត្រូវរក្សាអនាម័យ ពាក់ម៉ាស លាងដៃ និងអាល់កុល ជែលអាល់កុលជាប្រចាំ និងមិនត្រូវទៅប៉ះពាល់ ឬប្រាស្រ័យទាក់ទងពលករ ដែលស្ថិតក្នុងការសង្ស័យ មានផ្ទុកវីរុសកូវីដ១៩នោះឡើយ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានកើតសសើរ ដល់អាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីសុខាភិបាល ដែលបានយកចិត្តទុកដាក់ ការអនុវត្តការការពារ នូវជំងឺកូវីដ១៩ បានល្អប្រសើរផងដែរ៕