(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាំយកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿង ចែកជូនដល់សហគមន៍កសិកម្ម នៅស្រុកបរិបូរណ៍ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៉ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ភ្ញៀវជាតិ-អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះការអភិវឌ្ឍវិស័យកសិកម្មនៅទូទាំងខេត្ត ជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក ឃើញថាទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១,៧៩២ហិកតា ស្នើនឹង ១០០% ហើយតាមរយ:ជំនួយនេះ លោកស្រីក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតអូស្រ្តាលី។

លោកឯកអគ្គរដ្ឋទូតបានថ្លែងថា លោកចាប់អារម្មណ៍អំពីជំនួយនាពេលនេះ ដែលជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង ១៩ខេត្តទូទាំងប្រទេស ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ក្នុងខណៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩នេះ។

លោកឯកអគ្គរាជទូតក៏បានបញ្ជាក់ថា កម្មវិធី CAVAC កំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយៈការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ ហើយថ្ងៃនេះជួយឧបត្ថម្ភឧបករណ៍ដាំគ្រាប់ស្រូវផងដែរ។

លោកឯកអគ្គរដ្ឋទូតបានបន្តថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុងខណៈដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។

លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈគម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបន្តថា បច្ចុប្បន្នក៏បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១០គ្រឿងបន្ថែមទៀត ចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ដែលនាពេលកន្លងមកក៏បានចែកជូនសហគមន៍កសិកម្មនៅខេត្តកំពង់ធំចំនួន ២០គ្រឿងរួចមកហើយផងដែរ។

ឆ្លៀតយកឱកាសនេះផងដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា ដោយស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវនេះចំនួន ២៨០គ្រឿង ដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ៕