(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអង្គការ GIZ រៀបចំទិវាលាងសម្អាតដៃនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ «លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា»

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប មានទម្លាប់ក្នុងការលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងការជួយគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងផ្តល់អត្ថប្រយោជន៍ នៃការលាងសម្អាតដៃជាមួយសាប៊ូ និងការដុះសម្អាតធ្មេញ សម្រាប់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ក្នុងការជួយថែរក្សាសុខភាព។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ការប្រារព្ធទិវានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយជំរុញ និងលើកទឹកចិត្តបន្ថែមដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឲ្យចូលរួមរស់នៅមានអនាម័យជានិច្ច ដើម្បីសុខភាពល្អទាំងអស់គ្នា។ ការរស់នៅមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព និងមិនត្រូវការចំណាយច្រើន ក្នុងការបង្ការ និងទប់ស្កាត់ជំងឺផ្សេងៗ ពិសេសក្នុងពេលថ្មីៗនេះ គឺកូវីដ១៩ ពោលគឺ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ទាំងនៅសាលា និងទីសាធារណៈ។

ជាមួយនឹងកាលើកឡើងបែបនេះលោកបណ្ឌិត អភិបាលខេត្ត ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសសិស្សានុសិស្សត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានដាច់ខាតព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និងប្រជាជនយ៉ាងខ្លាំង។

លោកបណ្ឌិត បញ្ជាក់ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈបែបនេះក្តី បានខិតខំយកចិត្តទុកដាក់សម្រួលជួយឧបត្ថម្ភទាំងថវិកា និងការប្រកបរបរនានារបស់ប្រជាពលរដ្ឋ ធ្វើឲ្យកម្រិតជីវភាព នៅតែល្អប្រសើរជាធម្មតា។ ដូចអ្វីដែលសម្តេចបានលើកឡើងនោះគឺ សម្តេចមិនដែលរត់ចោលប្រជាពលរដ្ឋក្នុងគ្រាលំបាកនោះឡើយ ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក សម្តេចលំបាកជាងយើងទៅទៀត ក្នុងនាមជាមេគ្រួសារប្រជាជនកម្ពុជាទាំងមូល៕