(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងពិធីបុណ្យឯករាជ្យជាតិ សម្រាប់ការស្នើសុំការបន្ថូរបន្ថយ និងលើកលែងទោសទណ្ឌិតប្រចាំឆ្នាំ ដែលធ្វេីឱ្យ១ឆ្នាំកម្ពុជាមានបុណ្យចំនួន៥ សម្រាប់ ការស្នេីបន្ធូរបន្ថយទោស និងលេីកលែងទោសដល់ទណ្ឌិត។ នេះបើយោងតាមព្រះរាជក្រឹត្យស្តីពី ការបន្ថូរបន្ថយទោស និងលើកលែងទោស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ជំពូក២ មាត្រា៣ នៃព្រះរាជក្រឹត្យនេះ បានបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន៖

១៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

មាត្រាដដែលនេះ បានបន្ថែមថា ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។ លើសពីនេះទៀត ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នា ឬរួមគ្នា។

មាត្រា៧ នៃព្រះរាជក្រឹត្យបានកំណត់ថា ទណ្ឌិតដេលអាចទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោស ១/៣ នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយ ជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន។

ក្នុងមាត្រាដដែលបានបញ្ជាក់ដែរថា រយៈពេលនៃការបន្ធូរបន្ថយទោសត្រូវកំណត់ដូចតទៅនេះ៖

១៖ ទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំ ដល់ក្រោម ៥ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ខែ។

២៖ ទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ដល់ក្រោម ១០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៦ខែ ឬ៣ខែ។

៣៖ ទោសដាក់ពន្ធនាគារកំណត់ពី ១០ឆ្នាំ ដល់ក្រោម ២០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៩ខែ ឬ ៦ខែ ឬ ៣ខែ។

៤៖ ទោសដាក់ពន្ធនាគារកំណត់ពី២០ឆ្នាំ ដល់ ៣០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ១២ខែ ឬ ៩ខែ ឬ ៦ខែ ឬ ៣ខែ។

៥៖ ទោសដាក់ពន្ធនាគារមួយជីវិត អាចនឹងបន្ថយទោសលើកទី១ មកនៅត្រឹម ៣០ឆ្នាំ។

មាត្រា៩នៃព្រះរាជក្រឹត្យ បានចែងដែរថា ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ ក្នុងរយៈពេល ១២ខែ។ ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសច្រើនដងបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោសពាក់ កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងកថា ខណ្ឌទី១ខាងលើ។

ចំពោះទណ្ឌិតដែលត្រូវបានកំណត់ទោសដាក់ពន្ធនាគារមួយជីវិត ក្រោយពីបានបន្ថយមកនៅត្រឹម ៣០ឆ្នាំ អាច នឹងបានទទួលការបន្ធូរបន្ថយទោសច្រើនដងទៀតបាន។ ប៉ុន្តែទោះជាទណ្ឌិតនោះ បានទទួលការបន្ធូរបន្ថយ ទោសច្រើនដងក៏ដោយ ក៏រយៈពេលនៃការទទួលរងទោសទាំងអស់ត្រូវឱ្យបានយ៉ាងតិច ២០ឆ្នាំ៕

សូមជម្រាបថា មុនចេញព្រះរាជក្រឹត្យនេះ ការស្នើសុំការបន្ថួរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិត ធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិចំនួន ៣តែប៉ុណ្ណោះ រួមមាន៖

* ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
* ពិធីបុណ្យវិសាខបូជា
* និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕