(បាត់ដំបង)៖ កម្មករពីរនាក់ដែលមើលថែមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលសង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានបាស្ទ័រ រាជធានីភ្នំពេញ ហើយមន្ត្រីជំនាញបានដាក់ពួកគេឱ្យនៅមួយកន្លែងសិន ពោលគឺមិនទាន់អនុញ្ញាតឱ្យចេញទៅជួបអ្នកដទៃឡើយ។

តាមសេចក្ដីរាយការណ៍ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃម្សិលមិញ បានចុះមកយកសំណាកកម្មកររពីរនាក់ ដែលមើលថែមាន់ក្នុងកសិដ្ឋាដែលមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ កម្មករពីរនាក់ដែលជាអ្នកថែ និងប៉ះពាល់មាន់ងាប់ផ្ទាល់មានឈ្មោះ រ៉ន បញ្ញា អាយុ២១ឆ្នាំ និងឈ្មោះ ខន ជីវ័ន អាយុ២៨ឆ្នាំ។

លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតា ពុំមានរោគសញ្ញាបង្ហាញគួរឱ្យសម្គាល់នោះទេ។

លោកបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យកម្មករទាំងពីរនេះដើរទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយបក្សី H5N1 ឬអត់ ពីព្រោះជំងឺផ្តាសាយ H5N1 ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។

សូមបញ្ជាក់ថា បើតាមលោក ហូ ណាម ម្ចាស់កសិដ្ឋានខាងលើ បានឱ្យដឹងថា កសិដ្ឋាននេះចិញ្ចឹមមាន់មួយខែមកហើយ ដែលនាំចូលពូជពីក្រុមហ៊ុនមួយរបស់ប្រទេសវៀតណាមចំនួន ១,៣០០ក្បាល និងមាន់ស្រែ ២០០ក្បាល ទាកាប៉ាជាង ២០០ក្បាល និងក្ងានមួយចំនួន។

តាមកម្មករមើលថែផ្ទាល់បានបញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ចាប់់ពីថ្ងៃទី៣១-០៥ ខែមករា គឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឱ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ។

សូមបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១១ ខែមករាថា លទ្ធផលធ្វើតេសលើសំណាកសត្វមាន់ដែលងាប់ជាង ១,០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះគឺមិនប៉ះពាល់ដល់មនុស្សទេ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវពលរដ្ឋថាប្រសិនបើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតី និងសង្ស័យកើតជំងឺផ្តាយសាយបក្សី ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីការិយាល័យបសុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ ដើម្បីចុះអន្តរាគមន៍ភ្លាមៗ៕