(កំពត)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រយៈពេលចុងក្រោយនេះ ខេត្តកំពតក្លាយជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ និងអាចនិយាយបានថា ជាគោលដៅទេសចរណ៍លំដាប់ទី២ នៅក្នុងប្រទេស បន្ទាប់ពីខេត្តសៀមរាប ហើយលំហូរការធ្វើចរាចរដឹកទំនិញឆ្លងកាត់តាមផ្លូវនៃខេត្តនេះ ក៏ច្រើនជាងផ្លូវជាតិលេខ៤។

លោកថា ហេតុដូច្នេះហើយទើបគម្រោងមួយចំនួន ត្រូវបានក្រសួងបានបង្វែមកកាន់ខេត្តកំពតមុន។ ជាក់ស្តែងដូចជាការពន្លឿនការងារស្ថាបនាផ្លូវជាតិលេខ៣ និងលេខ២ គឺសុទ្ធសឹងតែបម្រើដល់ការងារធ្វើទេសចរណ៍ និងការដឹកជញ្ជូនទំនិញចេញចូលឆ្លងកាត់ខេត្តកំពត។

សូមបញ្ជាក់ថា ដើម្បីបំពេញតម្រូវការពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សម្រួលការធ្វើដំណើរ កុំឲ្យកកស្ទះរដ្ឋបាលខេត្តកំពត បាននិងកំពុងសាងសង់ស្ពានត្រើយកោះដែលមានសភាពចាស់ទ្រុឌទ្រម និងបានកំពុងសិក្សា ដាក់សំណើរទៅរាជរដ្ឋាភិបាល ដើម្បីសុំសាងសង់ស្ពានឆ្លងកាត់ព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក វង្ស ពិសិដ្ឋ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញវឌ្ឍនភាពការងារ សម្រាប់អនុវត្តគម្រោង សាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ដោយចូលរួម ពីអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីស្តាប់របាយការណ៍ បទបង្ហាញ និងពិភាក្សារួចមក លោកអភិបាលខេត្ត បានឯកភាព និងផ្តល់នូវអនុសាសន៍ និងគោលការណ៍មួយចំនួន ដូចខាងក្រោម៖

*ទី១៖ សូមលោកប្រធាមន្ទីរ ដ.ន.ស.ស ពន្លឿនការគូសប្លង់ពង្រីកសួនច្បារ តាមបណ្តោយមាត់ព្រែកចន្លោះស្ពានទាំង២ ឲ្យបានឆាប់រហ័ស និងយកមកបង្ហាញក្រុមការងារនៅសប្តាហ៍ក្រោយក្នុងនាមរដ្ឋបាលខេត្ត។
*ទី២៖ គម្រោងពង្រីកសួនច្បារនេះ ត្រូវធ្វើរួមគ្នាជាមួយគម្រោងដាក់ប្រព័ន្ធលូ របស់ ADB។
*ទី៣៖ សូមអ្នកទទួលការ និងភាគី ADB ត្រូវស្នើមករដ្ឋបាលខេត្តដោះស្រាយជាបន្ទាន់ បើមានការរាំងស្ទះណាមួយដែលត្រូវឲ្យរដ្ឋបាលខេត្តជាអ្នកដោះស្រាយ ដើម្បីឈានទៅឲ្យគម្រោងអនុវត្តខាងលើទៅបានឆាប់រហ័ស និងរលូន។
*ទី៤៖ សូមឲ្យអ្នកទទួលការ និង ADB ពន្លឿនការសាងសង់លូអ៊ុយ ឲ្យបានឆាប់រហ័ស និងរួចរាល់ក្នុងរដូវប្រាំងនេះ។

លោកអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា ក្រុងកំពត គ្រោងពង្រីកសួនច្បារ ពីចំណុចគល់ស្ពានចាស់ ដល់គល់ស្ពានថ្មី គឺត្រួតកន្លែងគ្នា ជាមួយគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយ៍អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកភ្លៀង នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២របស់ ADB ដែរ។

ដើម្បីកាត់បន្ថយការចំណាយមិនចាំបាច់ និងចំណេញពេលវេលា ធានាបាននូវអនាម័យ បរិស្ថានស្អាត នាំមកនូវសោភ័ណ្ឌភាព ផាសុខភាពទាក់ទាញទេសចរឲ្យកាន់តែច្រើន អាជ្ញាធារខេត្ត ក៏ដូចជាជំនាញបានសម្រេចថា នឹងធ្វើការស្ថាបនាគម្រោងទាំងពីរនេះព្រមជាមួយគ្នាតែម្តង៕