(កណ្តាល)៖ មន្រ្តីសាលាដំបូងខេត្តកណ្តាលថ្លែងថា ក្រោយបញ្ចប់ការសួរនាំរួចមក នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនចាប់ជំរិតក្មួយប្រុស មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ សោ សាវឿន ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ​ ជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសនៅពេលក្រោយ។

មន្ត្រីតុលាការបានបញ្ជាក់ថា «ជននេះត្រូវបានលោកព្រះរាជអាជ្ញារង ទេព មុនិន្ទ ចោទប្រកាន់ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស តាមមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ»

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់ជំរិតក្មេងម្នាក់ អាយុ១០ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយ កម្លាំងអាវុធហត្ថជំនាញ លើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ចាម, អាវុធហត្ថខេត្តតាកែវ និងនគរបាលប៉ុស្តិ៍ ព្រែកកំពិសខណ្ឌដង្កោ តាមចាប់បាននៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នៅថ្ងៃម្សិលមិញ ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថនាំខ្លួន អមដោយក្មេងប្រុសរងគ្រោះ ទៅបង្ហាញ និងចង្អុលទីតាំង ស្ថិតនៅភូមិគោគបញ្ជន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យ ចាប់ក្មេងប្រុសរងគ្រោះទៅឃុំឃាំង អស់រយៈពេលប៉ុន្មានថ្ងៃនេះ។

ករណីនេះបានកើតឡើង នៅចំណុចសាលា បឋមសិក្សាបចេ្ចកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកំពង់ហ្លូង ស្រុកពញាឮ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ ជនសង្ស័យរូបនេះមានឈ្មោះ សួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះហើយត្រូវបាន ចាប់ខ្លួន ស្ថិតនៅចំណុចវាលស្រែ មុខការ៉ាសាំង PTT ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ក្រោយចាប់ខ្លួនកម្លាំង សមត្ថកិច្ច បានដកហូតយកវត្ថុតាងរួមមាន ម៉ូតូ C125ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF-4254 ប្រាក់42500រៀល ហើយលុយ២លានរៀល​ របស់ឪពុកម្តាយជនរងគ្រោះបានបាត់។ ក្មេងប្រុសរងគ្រោះឈ្មោះ តាំង សុហទ័យ អាយុ១០ឆ្នាំ មុខរបរសិស្សសាលាបឋមសិក្សាបច្ចេកវិទ្យាសម្តេចឪ ស្ថិតនៅភូមិសង្វរ ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ តាំង សង្គម អាយុ៣៩ឆ្នាំ មុខរបរ ស្មូនរូប និងម្តាយឈ្មោះ ម៉ូវ រម្យទម្យ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងបីមានទីលំនៅ ភូមិពោធិតូច ឃុំកំពង់ហ្លួង៕

ព្រឹកនេះអាវុធហត្ថខេត្តកណ្ដាល បញ្ជូនជនល្មើសចាប់ជំរិតក្មួយប្រុស មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ទៅតុលាការ

Posted by Sheet on Thursday, February 18, 2016