(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្មីៗនេះ បានសម្រេចបញ្ឈប់ នាយរងការិយាល័យម្នាក់ របស់ក្រសួង ទេសចរណ៍ ដែលបានប្រព្រឹត្តល្មើស វិន័យមន្រ្តីរាជការស៊ីវិល។

លោក ឡុង ផល្លីតា នាយរងការិយាល័យសេវាកម្សាន្តទេសចរណ៍ នៃនាយកដ្ឋានឧស្សាហកម្មទេសចរណ៍ របស់អគ្គនាយកដ្ឋាន ទេសចរណ៍ ត្រូវបានលោករដ្ឋមន្រ្តី ដកចេញពីតំណែង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមូលហេតុល្មើសវិន័យ មន្រ្តីរាជការស៊ីវិល ។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងទេសចរណ៍ ដែលFresh News ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

ក្រសួងទេសចរណ៍ បានប្រកាសថា រាល់ប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងរបបឧបត្ថម្ភផ្សេងៗ របស់លោក ឡុង ផល្លីតា ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្រ្តីរាជការស៊ីវិល នៃក្រសួងទេសចរណ៍ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦នេះតទៅ។

អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងទៅលោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍ និង លោក ណេប សាមុត អគ្គនាយកទេសចរណ៍ បាននៅឡើយទេ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ ដោយទូរស័ព្ទរបស់ពួកគាត់ មិនមានអ្នកទទួល។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងទេសចរណ៍ បានចេញសេចក្តីសម្រេចដោយផ្អាកការងារ លោក ឡុង ផល្លីតា ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវលើករណីភាពមិនប្រក្រតី ក្នុងការរៀបចំឯកសារស្នើសុំអាជ្ញាប័ណ្ណ ទេសចរណ៍បន្ទាប់ពីមាន សេចក្តីរាយការណ៍ អំពីការងាររបស់មន្រ្តីរូបនេះ។

អង្គភាព Fresh News ក៏មិនអាចទំនាក់ទំនងទៅ លោក ឡុង ផល្លីតា នាយរងការិយាល័យសេវាកម្សាន្តទេសចរណ៍ ដែលទើប បណ្តេញចេញ ពីក្របខណ្ឌរដ្ឋរូបនេះបាននៅឡើយដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖