(មណ្ឌលគិរី)៖ សត្វដំរីស្រុករបស់បងប្អូនជនជាតិព្នង ដែលចិញ្ចឹមនៅខេត្តមណ្ឌលគិរី អាចឈានទៅរកដំណាក់កាលស្លាប់ ដាច់ពូជអស់ ព្រោះតាំងតែប្រពៃណីមួយនេះ បានធ្វើការហាមប្រាមយ៉ាងតឹងរ៉ឹងបំផុត ទៅលើការបង្កាត់ពូជ (ពាក់គ្នា) ឱ្យមានកូន គឺដោយសារជំនឿប្រពៃណី របស់បងប្អូនព្នងជឿថា បើដំរីពាក់គ្នានោះ នឹងមានកូនចង្រៃ ដល់បងប្អូនអ្នកស្រុកអ្នកភូមិ។

លោក ទាន់ វន្នី អាយុ៣១ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ជាមគ្គុទេសទេសចរណ៍ បានប្រាប់ថា ក្នុងនាមលោកផ្ទាល់ក៏ជាជនជាតិព្នងម្នាក់ដែរ ហើយសព្វថ្ងៃលោកកំពុងមានការព្រួយបារម្ភលើបញ្ហានេះណាស់ ដោយសារបច្ចុប្បន្ននេះ​ ដំរីរបស់បងប្អូនជនជាតិព្នង នៅមណ្ឌលគិរីចេះតែមានចំនួនតិចទៅៗ ពេលខាងមុខអាចឈានទៅរកការ ផុតពូជមិនខាន។

មគ្គុទេសទេសចរណ៍រូបនោះបានថ្លែងថា «មិនមែនរូបខ្ញុំជាជនជាតិព្នងដែរហើយ មិនជឿនូវប្រពៃណីទំនៀមទំលាប់របស់ខ្លួននោះទេ តែការជឿជាក់ខ្លាំងពេក ធ្វើឱ្យសេដ្ឋកិច្ចមិនល្អប្រសើរនោះដែរ ជាពិសេសដូចជាបញ្ហសត្វដំរី នេះជាដើម»

លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះបងប្អូនព្នងរស់នៅមណ្ឌលគិរី រស់នៅតាមបណ្តាស្រុកភូមិមួយចំនួន គឺពឹងផ្អែកទៅលើរបរចញ្ចឹមដំរី ធ្វើជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀទេសចរ ក្នុងនិងក្រៅស្រុក ទៅកំសាន្តព្រៃហើយ​ នៅពេលប្រពៃណីរបស់គាត់ តឹងតែងពេកមិនឱ្យសត្វដំរី មានកូនបែបនេះគឺចំនួននេះ ចេះតែមានថយចុះទៅៗ។ បើគិតតួលេខជាក់ស្តែង សព្វថ្ងៃនេះដំរីស្រុក របស់បងប្អូនជនជាតិព្នងមណ្ឌលគិរី មានត្រឹមតែ៤៥ក្បាលប៉ុណ្ណោះ ដែលកាលពីមុនដំរីស្រុក មានចំនួនច្រើនជាងពេលនេះ។

លោកបានប្រាប់បន្ថែមពីតំណមមួយចំនួនពាក់ព័ន្ធ និងការចិញ្ចឹមដំរីរបស់បងប្អូនព្នង តំណមមិនឱ្យដំរីដោយញីឈ្មោលក្នុងភូមិ បើដំរីទាំងនោះដោយញីឈ្មោល នៅក្នុងព្រៃរហូតដល់មានកូនម្ចាស់ដំរីញីត្រូវតែធ្វើការសែនព្រេន ជូនអ្នកស្រុកអ្នកភូមិកុំឱ្យ អ្នកស្រុកចោទប្រកាន់ម្ចាស់ដំរីញីនេះ បានបង្កឱ្យមានគ្រោះចង្រៃផ្សេងៗ​ កើតមានដល់ពួកគេ ហើយការសែនព្រេននោះ គឺតម្រូវឲ្យម្ចាស់ដំរីញី កាប់គោចំនួន២ក្បាល ក្របីចំនួន២ក្បាល និងកាប់ជ្រូកចាប់ពី១០ទៅ២០ក្បាល។

ដោយឡែក បើដំរីដោយឈ្មោលក្នុងភូមិវិញ ម្ចាស់ដំរីទាំងឈ្មោលញី ត្រូវបានអ្នកស្រុក បង្គាប់ឱ្យធ្វើការសែនព្រេនជាពិធីយ៉ាងធំទៀតផង។ មានបញ្ហាយ៉ាងស្មុគស្មាញបែបនេះ​ ហើយរូបលោក ចេះតែមានការព្រួយបារម្ភ ពីការបាត់បង់សត្វដំរី។

តែទោះជាយ៉ាងណាក្តី លោកនៅតែធ្វើការព្យាយាម ណែនាំដល់ពួកគាត់ឱ្យបានយល់ពីបញ្ហាប្រឈមនេះ តាមរយៈការធ្វើបទបង្ហាញល្អៗ ដល់ពួកគាត់ឱ្យបានយល់ដើម្បីឲ្យសត្វដំរី មានការកើតកូនកើតចៅសំរាប់ក្មេងជំនាន់ក្រោយ ធ្វើការអភិរ័ក្សបន្តថែរក្សាសត្វដំរី សំរាប់ជាយានជំនិះក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ រកកម្រៃមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ចុងក្រោយលោក វន្នី បានប្រាប់ថារាល់ការផ្តល់ចំណីអាហារសំរាប់សត្វដំរី (ប្រភេទរុក្ខជាតិគ្រប់មុខ) មួយក្បាល​ ក្នុងមួយថ្ងៃចាប់ពី២០០Kg ទៅ៣០០kg។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានលើកឡើងថា «យើងត្រូវរួមគ្នារកវិធីសាស្រ្តណាល្អៗ ធ្វើការណែនាំដល់បងប្អូនជនជាតិ ឲ្យគាត់បានយល់ពីបញ្ហានេះ ឲ្យដំរីរបស់គាត់មានកូន ដូចប្រទេសជិតខាងយើង»។ លោក កែវ សុភ័គ អនុប្រធានព្រៃការពារមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ចំពោះការតំណម ជំនឿប្រពៃណីរបស់បងប្អូនជនជាតិព្នង នៅខេត្តមណ្ឌលគិរី ក្នុងការចិញ្ចឹមដំរីនេះគឺមានការជឿទំនៀមទំលាប់នេះ វាអាចហួសហេតុពេកហើយ ចឹងដំរីរបស់ពួកគាត់ មិនអាចលើសពី១០ឆ្នាំទៀតឡើយ វានឹងផុតពូជ។

លោកបន្តថា «ជនជាតិព្នងដូចគ្នាដែលកំពុងរស់នៅ ប្រទេសវៀតណាម គេកំពុងខិតខំធ្វើការបង្កាត់ពូជដំរី ឱ្យមានកូនបានច្រើន ព្រោះដំរីចាប់ពីរយៈពេលមានកូនវា ពពោះរហូតដល់ទៅ១៨ខែ ទើបកើតកូន»