(ហូជីមិញ)៖ តំបន់ដីសណ្តមួយចំនួនតាមដងទន្លេមេគង្គរបស់ប្រទេសវៀតណាម បាននិងកំពុងទទួលរងគ្រោះរីងស្ងួត នាំឲ្យទឹកប្រៃពីសមុទ្រហូរចូល។ គ្រោះធម្មជាតិដ៏អាក្រក់ នេះមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជិត ១០០ឆ្នាំ កន្លងមក ដែលវាជាប្រការគ្រោះថ្នាក់ណាស់ ដល់ធនធានធម្មជាតិទាំងឡាយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៦។

សារព័ត៌មានក្នុងតំបន់របស់វៀតណាម ចេញផ្សាយផងដែរថា ការបន្តរីងស្ងួត និងទឹកប្រៃហូរចូលនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ដំណាំស្រូវ ចំការដំណាំហូបផ្លែ ដំណាំកសិកម្មទូទៅ ព្រៃឈើ និងការចិញ្ចឹមសត្វផងដែរ។ បន្ថែមពីនេះទៀត តំបន់មួយចំនួន បានជួបប្រទះកង្វះខាតទឹកប្រើប្រាស់លើគ្រប់វិស័យ ដោយសារតែទឹកប្រៃមិនអាចប្រើការបាន និងកន្លែងធ្លាប់មានទឹកបែរជារីងស្ងួតអស់។

គួរបញ្ជាក់ថា តំបន់ដែលកំពុងទទួលរងគ្រោះខ្លាំងជាងគេនោះ គឺបណ្តាទីក្រុង និងខេត្តនៅភាគខាងត្បូងប្រទេសវៀតណាម។ តាមតួលេខចេញដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សរុបមកដល់ពេលនេះ ការខូចខាតផលកសិកម្មរបស់តំបន់ខាងលើ បានកើនឡើងគិតជាទឹកប្រាក់ ៤៤,៤លានដុល្លារអាមេរិកហើយ។ បន្ថែមពីនេះ អាជ្ញាធរខេត្តភាគខាងត្បូង បានស្នើឲ្យរដ្ឋាភិបាល សាងសង់អាងស្តុកទឹកធំៗចំនួន ២៧កន្លែងបន្ថែមទៀត ដើម្បីសង្គ្រោះប្រជាជនទាំងឡាយចេញពីភាពរាំងស្ងួត៕