(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Newin Sinsiri  ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជិតខាង នៃប្រទេសថៃ តំណាងឲ្យរាជរដ្ឋាភិបាលថៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥។
ឥណទានសម្បទានពីប្រទេសថៃ សម្រាប់គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ មានទឹកប្រាក់ចំនួន ៩២៨លានបាត សមមូលនឹង២៦,៥លានដុល្លារអាមេរិក។

ឥណទាននេះនឹងយកទៅប្រើប្រាស់សម្រាប់ សាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយធ្វើការសាងសង់ អគារ ផ្លូវថ្នល់ ឃ្លាំងស្តុកទំនិញ ទីលានកុងទែន័រ និងប្រព័ន្ធការពារទឹកជំនន់ ព្រមទាំងបំពាក់ឧបករណ៍ត្រួតពិនិត្យតាម បច្ចេកទេសទំនើប។ ឥណទានសម្បទាននេះ គឺជាលទ្ធផល ប្រកបដោយផ្លៃផ្កាមួយនៃកិច្ចប្រជុំលើកទី២ នៃគណៈរដ្ឋមន្ត្រីចម្រុះរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ឥណទានសម្បទានសម្រាប់គម្រោងនេះ គឺជាឥណទានសម្បទានលើកទី៣ ហើយដែលរាជរដ្ឋាភិបាល ថៃផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវ ជាតិលេខ៤៨ ពីកោះកុងទៅស្រែអំបិល កាលពីឆ្នាំ ២០០៣ និងឥណទានសម្បទានសម្រាប់គម្រោង សាងសង់ផ្លូវជាតិលេខ៦៧ ពីអន្លង់វែងទៅសៀមរាប កាលពីឆ្នាំ២០០៦។

ឥណទានសម្បទានថៃទាំងបីលើកនេះមានទឹកប្រាក់សរុបប្រមាណ៨៦,៣០លានដុល្លារ។ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៥ គឺជាការវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ។ ម៉្យាងទៀត គម្រោងអភិវឌ្ឍន៍នៅតំបន់ព្រំដែននេះនឹងប្រែក្លាយតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយសន្តិភាព និងសហប្រតិបត្តិការកាន់តែសកម្មក្លៀវក្លាថែមទៀត។ ទន្ទឹមនឹងនេះដែរ គម្រោងនេះ នឹងចូលរួមចំណែក ក្នុងការធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ាន កាន់តែមានភាពរឹងមាំ ៕