(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលកើតចេញពីបណ្តុំមន្រ្តីអង្គការសង្គមស៊ីវិល បានដាក់ចេញគោលនយោ  បាយអភិវឌ្ឍន៍មូលដ្ឋានសំខាន់ៗចំនួន ១៦ចំណុច ដើម្បីស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧ ខាងមុខ នេះ។

យោងតាមគេហទំព័រ របស់គណបក្ស គ ប ម បានឲ្យដឹងថា ខ្លួននឹងជ្រើសរើសប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍យ៉ាងតិច ១០.០០០នាក់ មកពី២០០ឃុំ/សង្កាត់ ដើម្បីធ្វើការអប់រំ បណ្តុះបណ្តាលអំពីប្រជាធិបតេយ្យមូលដ្ឋាន និងគោលនយោបាយ គ ប ម។   គ ប ម រំពឹងថា នឹងមានសមាជិកជំហរជាង ១.៥០០នាក់ មកពី១០០ឃុំ/សង្កាត់ ចូលរួមប្រកួតក្នុងការបោះឆ្នោតឃុំ/សង្កាត់ នៅឆ្នាំ ២០១៧។ សូមបញ្ជាក់ថា គណបក្ស គ ប ម ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៥ ក្រោមបាវចនា « សាមគ្គីភាព យុត្តិធម៌  អហិង្សា»។

គោលនយោបាយសំខាន់ៗទាំង ១៦ចំណុចដើម្បីអភិវឌ្ឍន៍មូលដ្ឋាននោះរួមមាន៖

១). ផ្តល់សេវារដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ភាពទទួលខុសត្រូវខ្ពស់ និង យុត្តិធម៌ដោយមិនមានការរើស អើង និង ប្រកាន់និន្នាការនយោបាយឡើយ។ យើងនឹងបង្កើតឱកាស និង បរិយាកាសល្អដល់ប្រជាពលរដ្ឋគ្រប់រូបទាំងបុរស និង ស្ត្រីឲ្យចូលរួមក្នុងកិច្ចការនយោបាយដឹកនាំឃុំ/សង្កាត់ដោយសេរី និង គ្មានការភ័យខ្លាច។ ក្នុងនោះដែរ យើងនឹងសម្របសម្រួលឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសមនុស្សល្អៗឲ្យធ្វើជាមេភូមិ របស់ខ្លួន។

២). ផ្តល់ឱកាសឲ្យកសិករគ្រប់រូបទទួលបាន ទុន ទឹក ទីផ្សារ បច្ចេកទេស និង មានដី សម្រាប់ប្រកបមុខរបរកសិកម្មបានប្រាក់ ចំណូលខ្ពស់។ ក្រុមប្រឹក្សាឃុំ គបម នឹងគាំទ្រឲ្យមាន អង្គការសហគមន៍មូលដ្ឋាន និង គ្រូកសិកម្មល្អៗ មកធ្វើការបម្រើកសិករគ្រប់ៗ គ្នា។ ក្រុមប្រឹក្សាឃុំនឹងស្វែងរកការសហការគាំទ្របន្ថែមដល់សហគមន៍កសិករ ពីស្ថាប័ន និង ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឲ្យសហគមន៍ កសិករទទួលបានទុន និង ពង្រីកឱកាសទីផ្សារ។ សហគមន៍កសិករនឹងជួយធ្វើយ៉ាងណាឱ្យកសិករទទួលបានតម្លៃកសិផលរបស់ខ្លួន សមរម្យ។ យើងក៏រៀបចំឲ្យមានកសិដ្ឋានគំរូនៅគ្រប់ភូមិដើម្បីផ្តល់ឱកាសឲ្យកសិករបានរៀនសូត្រពីគ្នាទៅវិញទៅមក តាមរយៈ ទស្សនកិច្ចសិក្សាក្នុង និង ក្រៅឃុំ។

៣). ធ្វើការពង្រឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជាពិសេសធានាយ៉ាងណាឲ្យមានផ្លូវថ្នល់ ស្ពាន និង ប្រព័ន្ធធារាសាស្រ្តខ្នាតតូច  និង មធ្យម ដែលមានគុណភាពល្អ។ យើងនឹងបង្កើតឲ្យមានសហគមន៍គាំទ្រ និង ឃ្លាំមើលការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និង ធារាសាស្រ្ត  នៅតាមមូលដ្ឋាន។

៤). ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាព្យាបាលសុខភាព និង ពិគ្រោះយោបល់គ្រប់គ្រាន់ពីមណ្ឌលសុខភាពនៅតាមឃុំ/ សង្កាត់ប្រកបដោយគុណភាព និង ការទទួលខុសត្រូវខ្ពស់។ យើងនឹងរៀបចំឲ្យមានការចូលរួមចំណែករបស់សមាគមប្រជាពលរដ្ឋ ក្នុងការទ្រទ្រង់ និង ឃ្លាំមើលមណ្ឌលសុខភាពឃុំ ដើម្បីធ្វើយ៉ាងណាឲ្យមណ្ឌលសុខភាពមានសម្ភារៈបរិក្ខារល្អគ្រប់គ្រាន់ ថ្នាំព្យាបាល ល្អ និង គ្រូពេទ្យល្អធ្វើការបម្រើប្រជាពលរដ្ឋដោយស្មើភាពគ្នា និង គោរពតាមស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

៥). ធានាឲ្យបានប្រាកដថាកូនចៅរបស់ប្រជាពលរដ្ឋគ្រប់រូបបានទទួលការអប់រំល្អដោយស្មើភាព យ៉ាងតិចបំផុតបានរៀនចប់ថ្នាក់ទី ០៩ ដោយមានចំណេះដឹងមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់អនាគតល្អប្រសើរ។ យើងនឹងរៀបចំឲ្យមានសហគមន៍ប្រជាពលរដ្ឋ ជំរុញ ការអប់រំឲ្យមានគុណភាព ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនមានគ្រូបង្រៀនល្អ កម្មវិធីសិក្សាល្អ និង បរិស្ថានសិក្សាល្អ។

៦). គាំទ្រដល់យុវជន ដែលមិនមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ និង មហាវិទ្យាល័យ ឲ្យទទួលបាននូវការបណ្តុះបណ្តា លវិជ្ជាជីវៈ និង ទុនសម្រាប់បង្កើតមុខរបរដោយខ្លួនឯង។ យើងនឹងជ្រើសរើសមន្រ្តីជំនាញយ៉ាងតិច០១រូប ក្នុង០១ឃុំឲ្យជួយតម្រង់ ទិស និង គាំទ្រដល់យុវជន ដើម្បីទទួលបានការងារល្អ។

៧). បង្កើតឱកាសងាយស្រួល ដល់សិប្បករ សេវាករ និង ពាណិជ្ជករក្នុងការអភិវឌ្ឍន៍មុខរបរ និង បង្កើតការងារនៅតាមមូលដ្ឋាន និង  កាត់បន្ថយចំណាកស្រុក ដូចជាជួយសម្រួលការចុះបញ្ជីការផ្សេងៗ មិនយកលុយក្រៅប្រព័ន្ធ លើកលែងពន្ធដល់អ្នកចាប់ផ្តើមអាជីវ កម្មដំបូង សម្របសម្រួលក្នុងការទទួលបានទុនកម្ចី និង ជួយពង្រីកទីផ្សារ។

៨). រៀបចំឲ្យមានបណ្តាញការងារ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យមានសន្តិសុខ និង សុវត្ថិភាព រស់នៅ តាមឃុំ/សង្កាត់ ជាពិសេសធានាឲ្យនគរបាលមូលដ្ឋានមានសមត្ថភាព ធនធាន និង ឆន្ទៈធ្វើការបម្រើប្រជាពលរដ្ឋ។

៩). រៀបចំឱ្យមានបណ្តាញការងារ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយដើម្បីចូលរួមក្នុងការអប់រំពលរដ្ឋ លុបបំបាត់ការប្រើ ប្រាស់ និង ការជួញដូរគ្រឿងញៀន ។

១០). រៀបចំឲ្យមានសហគមន៍ជួយគ្នា ទៅវិញទៅមកនៅតាមមូលដ្ឋាន ជាពិសេសជួយគាំពារដល់ចាស់ជរា ជនក្រីក្រគ្មានទីពឹង  កុមារកំព្រា និង ជនពិការ។

១១). គ្រប់គ្រងជនអន្តោប្រវេសន៍ រស់នៅតាមមូលដ្ឋានឲ្យបានល្អ តាមរយៈការពង្រឹងការសហការគ្នាឲ្យបានល្អរវាងអាជ្ញាធរ និង  ប្រជាពលរដ្ឋនៅតាមភូមិឃុំ។ អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយ គបម នឹងរៀបចំធ្វើស្ថិតិជនអន្តោប្រវេសន៍ឲ្យបានទៀងទាត់ និង  ឆ្លើយតបទាន់ពេលវេលាក្នុងករណីអន្តោប្រវេសន៍ខុសច្បាប់កើតឡើង។

១២). រៀបចំឱ្យមានតំបន់ទេសចរណ៍ធម្មជាតិ កសិកម្ម និង វប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និង ការងារតាមមូលដ្ឋា ន។

១៣). សហការជាមួយប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធ ដើម្បីស្តារឡើងវិញនូវធនធានធម្មជាតិ ជាពិសេសព្រៃឈើ និង ធនធានជល ផល តាមរយៈការដាំដើមឈើឡើងវិញ ការថែរក្សាព្រៃឈើសហគមន៍ ស្តារស្រះសហគមន៍ បឹង ប្រឡាយ ស្ទឹង អូរ និង ព្រែកដែល មានតាមមូលដ្ឋាន។ យើងនឹងរៀបចំឱ្យមានកន្លែងអភិរក្សសត្វត្រី នៅតាមសហគមន៍មូលដ្ឋាន។ យើងនឹងធានាមិនឲ្យមានផលប៉ះ ពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

១៤). រៀបចំឲ្យមានកម្មវិធីបណ្តុះបណ្តាលស្រ្តី ដើម្បីបង្កើនសមត្ថភាពយល់ដឹង និង ការចូលរួមក្នុងកិច្ចការសេដ្ឋកិច្ច សង្គម និង ន យោបាយ។

១៥). លើកកម្ពស់តួនាទីវត្តអារាម ក្នុងការងារសង្គមកិច្ច និង បរិស្ថាន ដូចជាការជួយកុមារកំព្រា ចាស់ជរា អប់រំអំពីបរិស្ថាន សីលធម៌  និង ជំរុញការដាំដើមឈើឡើងវិញ។

១៦). រៀបចំឲ្យមាន គណៈកម្មាធិការឃ្លាំមើល ការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយសមាជិកគណៈកម្មាធិការនេះជាតំណាង ប្រជាពលរដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសមកពីគ្រប់ភូមិ ដោយមិនប្រកាន់និន្នាការនយោបាយ៕