(ភ្នំពេញ)៖ មន្ត្រីពន្ធដារចំនួន៥៣២រូប ដែលមានឋានៈចាប់ពីអគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាន​នាយកដ្ឋាន ប្រធាន-អនុ​សាខា ប្រធាន-អនុប្រធាន​ការិយាល័យ​ថ្នាក់​កណ្តាល ប្រធាន-អនុប្រធាន​ការិយាល័យ ​នៃ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលធ្វើសច្ចាប្រណិធាន នៅសាលាឧទ្ទរណ៍ ដើម្បី​ទទួល​​បាន​នីតិ​សម្បទា​​​ ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​។

ការចូលសច្ចាប្រណិធានរបស់មន្ត្រីពន្ធដារនេះ ដឹកនាំដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក គង់ វិបុល បញ្ជាក់ឲ្យដឹងថា មន្ត្រីពន្ធដារដែលទទួលបាននីតិសម្បទាជាមន្ត្រី​នគរបាល​យុត្តិធម៌​នេះ ​គឺជាការ​ផ្តល់​លទ្ធភាព​ដល់​មន្ត្រី​ពន្ធដារ​ទាំងអស់​អនុវត្ត​កសាង​សំណុំរឿង​ ចំពោះ​បទល្មើស​ពន្ធដារ​បញ្ជូន​ទៅ​តុលាការ​ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ៗ​ថែម​ទៀត៕