(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានមន្រ្តីរ៉ែ និងថាមពលមួយក្រុម បានចុះទៅពិនិត្យទីតាំងអាជីវកម្មបូមខ្សាច់ របស់លោក ចាន់ ណា ក្រោយពីមានការរិះគន់ពី ប្រជាពលរដ្ឋពីផលប៉ះពាល់ ចំពោះការរស់នៅប្រចាំថ្ងៃ និងបរិស្ថាននៅទីនោះ។

យ៉ាងណាក៏ដោយ មិនមានព័ត៌មានលំអិត ស្តីអំពីលទ្ធផលនៃការចុះត្រួតពិនិត្យ ទីតាំងអាជីវកម្មបូមខ្សាច់នេះឡើយ ប៉ុន្តែបើតាមម្ចាស់អាជីវកម្មបានប្រាប់ថា ខាងមន្រ្តីមកណែនាំឲ្យបង្កើនការរៀបចំលើការដឹកជញ្ជូន កាន់តែមានភាពប្រសើរឡើង ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ រងផលប៉ះពាល់តទៅទៀត។ សូមបញ្ជាក់ថា អាជីវកម្មបូមខ្សាច់ទន្លេ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់ថា ជាទីតាំងដ៏ធំរបស់ឈ្មោះ ចាន់ ណា មានតួនាទីជាមន្រ្តីយោធា មានរថយន្ដតូចធំ បើកទៅមកដឹកខ្សាច់ទន្លេយ៉ាងកក្រើក លាន់រំពងជារៀងរាល់ថ្ងៃ។

សកម្មភាពដឹកខ្សាច់ទាំងរថយន្តៗ របស់ឈ្មួញម្នាក់នេះ បាននិងកំពុងចរាចរណ៍ ប្រមូលផលយ៉ាងច្រើន ដោយមិនគិតពីផលប៉ះពាល់លើបងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់បាយសម្លរ ម្ហូបអាហារផ្សេងៗ និងការរស់នៅប្រចាំថ្ងៃ តាមបណ្ដោយផ្លូវជាតិលេខ៥ ក៏ដូចជាផ្លូវលេខ៥៩៨ និងផ្លូវលំផ្សេងៗ ជាច្រើនខ្សែក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវនោះឡើយ។

ដោយឡែក អាជ្ញាធរខណ្ឌឫស្សីកែវវិញ ដែលមានលោក ធុយ សាខន ជាអភិបាលខណ្ឌ (ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ប៉ុន្តែមិនទាន់ធ្វើពិធីផ្ទេរ) មិនត្រូវបានគេមើលឃើញ ចុះអភិវឌ្ឍន៍តាមមូលដ្ឋាននោះឡើយ ពោលសម្ងំតែចាំយកលុយ និងផលប្រយោជន៍ផ្សេងៗ ជាពិសេសពីរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម...ដែលមួយរថយន្តត្រូវបង់ជូន៣ដុល្លារ ហើយផ្លូវនៅក្នុងភូមិរបស់ប្រជាពលរដ្ឋ ចង់ខូចក្លាយជារុនបាយខុមក៏លោកអភិបាលខណ្ឌ មិនទៅចាប់អារម្មណ៍ដែរ។

បុរសវ័យជិត៦០ឆ្នាំម្នាក់ ជាប្រជាពលរដ្ឋរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ បានប្រាប់ភ្នាក់ងារ Fresh News ថា «រាល់ថ្ងៃមានរថយន្ដតូចធំដឹកដីដឹកខ្សាច់ ហុយទ្រលោមពេលខ្លះស្ទើរមិនអាចហូបបាយកើត និងជ្រុះធ្លាក់មកដី រប៉ាត់រប៉ាយពេញផ្លូវ ជាពិសេស គឺប៉ះពាល់ផលប្រយោជន៍រួម ដោយរងការបំផ្លិចបំផ្លាញផ្លូវជាតិ ក៏ដូចជា ផ្លូវលំតូចធំជាច្រើនខ្សែ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលទង្វើរបែបនេះ ហាក់មានការឃុបឃិតរវាងអាជ្ញាធរ និងម្ចាស់អាជីវកម្មបូមខ្សាច់ ទើបពុំមានការហាមឃាត់បែបនេះ»

ប្រជាពលរដ្ឋសូមអំពាវនាវដល់អភិបាលរាជធានីភ្នំពេញ ជួយពិនិត្យមើលបញ្ហានេះផង ខណៈដែលឈ្មួញរកស៊ីគ្មានគិត​ លើការប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយអាជ្ញាធរខណ្ឌឫស្សីកែវ មិនទៅអើពើទៅទៀត ពោលគិតតែរឿងផលប្រយោជន៍។ ជាមួយគ្នានេះ សម្រាប់អភិបាលខណ្ឌត្រូវបានមន្រ្តីថ្នាក់ក្រោមលួចបង្ហើបថា ប្រើតែសាច់ញាតិ និងមន្រ្តីស្និទ្ធរបស់ខ្លួនតែប៉ុណ្ណោះ ខណៈអភិបាលរងខណ្ឌខ្លះ មិនត្រូវបានលោកប្រើនោះទេ ឲ្យតែប៉ះពាល់រឿងផលប្រយោជន៍ ដែលធ្វើឲ្យមន្រ្តីជើងក្រោមជាច្រើន អស់ទឹកចិត្តធ្វើការជាមួយ៕

 

Posted by Fresh News Photo on Thursday, February 18, 2016