(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ចុះត្រួតពិនិត្យចំណីអាហារ និងឥវ៉ាន់ចាបហួយ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដែលដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង ដើម្បីចង់ថា តើចំណីអាហារទាំងនោះ មានសារជាតិគីមី។

លោក ណាល់ វិចិត្រ បានឲ្យដឹងថា ដោយមានការព្រួយបារម្ភណ៍ពី សុខភាពប្រជាពលរដ្ឋ និងមានការយកចិត្តទុកពីថ្នាក់ដឹកនាំក្រសួង និងខេត្តអំពីចំណីអាហារ ហូបចុកដែលដាក់លក់ក្នុងទីផ្សារ ហើយខូចគុណភាព មានសារធាតុគីមី ហួសសុពលភាពដែលជាហេតុ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរនោះ ទើបនៅថ្ងៃនេះលោកបានបន្តដឹកនាំក្រុមមន្រ្តី ចុះមកពិនិត្យសារជាថ្មី។

លោកបានបន្តទៀតថា «ក្នុងពេលត្រួតពិនិត្យក្រុមការងារ បានធ្វើតេស្តបឋមទៅលើស្ករត្នោត ប្រហុក ផ្អក ម៉ាំ ស្ពៃជ្រក់ សាច់ក្រក ត្រីងៀត និងពិនិត្យម្ហូបអាហារវេចខ្ចប់ អំពីសុពលភាពផុតកំណត់ និងគុណភាពជាលទ្ធផលបង្ហាញថា ពុំមានសារធាតុគីមី ឬអាហារ ដែលខូចគុណភាពនោះដែរ»

ជាមួយគ្នានេះលោកបានណែនាំឲ្យអាជីករទាំងអស់ ដាក់លក់នូវប្រភេទអាហារដែលគ្មានជាតិគីមី ខូចគុណភាព និងមានអនាម័យ ទុកដាក់កន្លែងស្អាត សូមឲ្យចូលរួមថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា៕