(ភ្នំពេញ)៖ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានចេញលិខិតបដិសេធថា មិនបានចាក់ដីលុបឆ្នេរសមុទ្រ​ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ។ ការចាក់ដីនោះដើម្បីរារាំងការរំលោភយកដីឆ្នេរ ដែលបម្រុងទុកសម្រាប់ធ្វើកំពង់ផែ ពីជនខិលខូចតែប៉ុណ្ណោះ។

ការចេញមកបដិសេធរបស់លោក លូ គឹមឈន់ បានធ្វើឡើង បន្ទាប់ពីមានបណ្តាញព័ត៌មាន និងសាធារណជនជាច្រើន បានលើកឡើងថា លោកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រើឥទ្ធិពលកាយយកដីភ្នំទៅចាក់លុបព្រៃលិចទឹក និងដីឆ្នេរសមុទ្រក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រហូតនាំឲ្យមានការរារាំងពីប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ។

ឆ្លើយតបការចោទប្រកាន់នេះ លោក លូ គឹមឈន់ បានធ្វើលិខិតមួយច្បាប់ផ្ញើទៅកាន់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដើម្បីបញ្ជាក់ការពិត។

នៅក្នុងលិខិតផ្ញើជូនអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក លូ គឹមឈន់ បានឲ្យដឹងថា ដីដែលបានឈូសឆាយនោះ គឺជាដីតំបន់អភិវដ្ឍន៍ ដែលជាកម្មសិទ្ធិរបស់កំពង់ផែ និងពុំមែនជាកម្មសិទ្ធិឯកជន របស់បុគ្គលណាមួយឡើយ។

ក្នុងលិខិតផ្ញើជូនលោក យន្ត មីន នោះ លោកអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានបន្ថែមថា «ដីតំបន់អភិវឌ្ឍន៍នេះ គឺកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបានទិញ និងរក្សាទុកសម្រាប់តម្រូវការអភិវឌ្ឍន៍កំពង់ផែនាពេលអនាគត ដូច្នេះទើបកំពង់ផែធ្វើការឈូសឆាយ និង ធ្វើរបងការពារលើដីតំបន់អភិវឌ្ឍន៍នេះ។ ចំពោះការចាក់ដី ធ្វើផ្លូវព័ទ្ធជុំវិញតំបន់អភិវឌ្ឍន៍នេះ គឺស្ថិតនៅលើដីចំការដូងចាស់ពីសង្គម ពុំមែនលើផ្ទៃសមុទ្រនោះទេ ក្នុងគោលបំណងការពារទប់ស្កាត់ការទន្ទ្រាន​ កាន់កាប់ដីពីជនមួយចំនួនប៉ុណ្ណោះ»

លោក លូ គឹមឈន់ បានបញ្ជាក់បន្ថែមប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ថា ដីនៅតំបន់នោះមានទំហំជាង ១៤០ហិកតា ហើយដីនេះ មិនត្រឹមតែត្រៀមទុកសម្រាប់ធ្វើកំពង់ផែ​ ឆ្លើយតបកំណើនទំនិញចេញ-ចូលកម្ពុជានោះទេ តែវាក៏ជាតំបន់ ដែលគ្រោងអភិ វឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស និងជាតំបន់នេសាទផងដែរ។ តែទោះជាយ៉ាងណា ដោយសារតែមិនចង់មានរឿងរ៉ាវច្រើននោះ លោក លូ គឹមឈន់ បានកាយដីទាំងអស់នោះចេញវិញហើយ៕