(សេអ៊ូល)៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បាននិងកំពុងតែរៀបចំផែនការ «វាយប្រហារភេរវកម្ម» មកលើប្រទេសកូរ៉េខាងត្បូង នៅក្នុងពេលឆាប់ខាងមុខនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែកុម្ភៈ។

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយរូប បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបញ្ជាផ្ទាល់ឲ្យរៀបចំផែន​ការ​ «វាយប្រហារភេរវកម្ម»។ «ការវាយប្រហារភេរវកម្មរបស់កូរ៉េខាងជើង អាចនឹង​មាននៅក្នុង​សំណុំ​បែបបទនៃការបង្ករអន្តរាយដល់សកម្មជនប្រឆាំងកូរ៉េខាងជើង ឬពលរដ្ឋកូរ៉េខាងជើង ដែលរត់ចោល​ស្រុក ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលបានគេចខ្លួនមក​សំងំនៅកូរ៉េខាងត្បូង»។ នេះជា​សំដី​របស់លោក Lee Chul-woo សមាជិកបក្សកាន់អំណាចនៅកូរ៉េខាងត្បូង។

នៅថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញនេះ សមាជិកបក្សកាន់អំណាច រួមទាំងមន្ត្រីក្រសួងការពារជាតិ​ បាន​បើកការប្រជុំបិទទ្វារមួយជាមួយនឹង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ដោយក្នុងនោះ ទីភ្នាក់ងារស៊ើប​ការណ៍សម្ងាត់ជាតិ បានព្រមានដោយរដ្ឋាភិបាលកូរ៉េខាងត្បូង បង្កើនការប្រុងប្រយ័ត្ន​ទៅលើទីប្រជុំជនមួយចំ​នួន ដូចជា ផ្លូវក្រោមដី ផ្សារទំនើប មជ្ឈមណ្ឌលការតាំងពិព័រណ៍ និង​រោងចក្រថាមពល ជាដើម៕